• លោក វ៉្លាឌីមៀ ពូទីន៖ «រុស្ស៉ីនាំមុខគេលើពិភពលោក ចំពោះបច្ចេកវិទ្យា មីស៉ីលលឿនជាងសំឡេង»

    (ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានថ្លែងថា បច្ចុប្បន្នប្រទេសរបស់លោកកំពុងនាំមុខគេ នៅលើពិភពលោកទាំងមូល ជុំវិញបច្ចេកវិទ្យាមីស៊ីលលឿនជាងសំឡេង ខណៈមហាអំណាចផ្សេងទៀតនឹងដើរតាមពីក្រោយ ហើយបង្កើតអាវុធទប់ទល់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១។

    នៅក្នុងផ្នែកមួយការផលិតវីដេអូឯកសារ ដែលមានចំណងជើងថា «ប្រវត្តិសាស្ត្រថ្មី ឬ New History» សម្រាប់ប្រទេសរុស្ស៊ី លោក ពូទីន បានថ្លែងកាលពីថ្ងៃអាទិត្យ ទី១២ ខែធ្នូ (ពេលវេលានៅម៉ូស្គូ) ថា «ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកមាន ក្បាលគ្រាប់ និងឧបករណ៍បាញ់ ក្នុងចំនួនប្រហាក់ប្រហែលគ្នា… ប៉ុន្តែបើយោងលើការអភិវឌ្ឍ ដ៏ជឿនលឿនរបស់យើង យើងពិតជានាំមុខក្នុងរឿងនេះ (មីស៊ីលលឿនជាងសំឡេង)»។

    លោក ពូទីន បានសង្កត់ធ្ងន់ទៀតថា «នៅពេលអនាគត មហាអំណាចពិភពលោកផ្សេងទៀត នឹងអាចរកឃើញបច្ចេកវិទ្យាផលិត មីស៊ីលល្បឿនលឿនជាងសំឡេង ដែលស្រដៀងនឹងរុស្ស៊ី… ហើយនៅពេលដែលពួកគេមានអាវុធប្រភេទនេះ វាក៏ប្រាកដច្បាស់ផងដែរថា ពួកគេក៏អាចមានវិធីសាស្ត្រ ដើម្បីទប់ទល់នឹងអាវុធប្រភេទនេះដែរ»។

    គួរបញ្ជាក់ថា កាលពីខែវិច្ឆិកាកន្លងទៅនេះ លោក វ៉្លាឌីមៀ ពូទីន ក៏បានលើកឡើងផងដែរ អំពីការធ្វើតេស្តមីស៊ីលលឿនជាងសំឡេង ដែលអាចចង្អុលប្រាប់ទិស (hypersonic cruise missile) មានឈ្មោះថា ហ្សឺខុន (Zircon) ដែលជិតនឹងសម្រេចជាស្ថាពរ ហើយរុស្ស៊ីនឹងបំពាក់វាឲ្យកងទ័ពជើងទឹកនៅឆ្នាំ២០២២៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ