• កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនបំផុតដល់ទៅជាង «៧,០០០នាក់ក្នុង១ថ្ងៃ»

    (សេអ៊ូល)៖ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១ នេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,១៧៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាការកើនឡើងលើស ៧,០០០ករណីជាលើកដំបូង នៃករណីឆ្លងប្រចាំថ្ងៃ ខណៈមន្ទីរពេទ្យស្ថិតនៅក្នុងភាពតានតឹង ចំពោះករណីស្លាប់ និងករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ កំពុងកើនឡើងយ៉ាងគំហុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

    ករណីឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែធ្នូនេះ បន្ទាប់ពីរដ្ឋាភិបាលបានចាប់ផ្តើម បន្ធូរបន្ថយវិធានការរឹតត្បឹត ដើម្បីសាកល្បងរៀនរស់នៅជាមួយ COVID-19 ចាប់តាំងពីខែវិច្ឆិកាកន្លងមកនេះ។ បើតាម KDCA អត្រាអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ ដោយក្នុងនោះមានអ្នកជំងឺ COVID-19 ចំនួន ៨៤០នាក់ មានរោគសញ្ញាធ្ងន់ធ្ងរគិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ។ ក្រៅពីនេះ អ្នកជំងឺចំនួន ៦៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា។

    គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤៨៩,៤៨៤ករណី រួមទាំងករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron ចំនួន ៣៨ករណីផងដែរ ហើយក្នុងនោះមានអ្នកស្លាប់ចំនួន ៤,០២០នាក់ ខណៈ ៩១.៨ភាគរយនៃចំនួនប្រជាជនពេញវ័យរបស់ខ្លួន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ