• កូរ៉េខាងត្បូង សម្រេចរឹតត្បិតវិធានការកូវីដ១៩ កាន់តែតឹងរ៉ឹងថែមទៀត

    (សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១នេះបានដាក់ចេញនូវវិធានការកាន់តែតឹងរ៉ឹងថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃ COVID-19 ក៏ដូចជាវីរុសបំប្លែងថ្មី Omicron ដោយចំណាត់ការនេះ នឹងធ្វើឲ្យជនបរទេសមួយចំនួន ដែលមានទីលំនៅនៅកូរ៉េខាងត្បូង តែបានទទួលការចាក់វ៉ាក់សាំងនៅបរទេស មិនអាចចូលទៅក្នុងភោជនីយដ្ឋាន ហាងកាហ្វេ និងរោងភាពយន្តបាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

    ប្រទេសកូរ៉េខាងត្បូង ទទួលស្គាល់ស្ថានភាពចាក់វ៉ាក់សាំងរបស់ពលរដ្ឋកូរ៉េ ដែលបានទទួលការចាក់នៅក្រៅប្រទេស ប៉ុន្តែមិនទទួលស្គាល់ជនបរទេសឡើយ លុះត្រាតែពួកគេចូលមកកាន់ប្រទេសកូរ៉េខាងត្បូង ក្រោមកម្មវិធីលើកលែងការធ្វើចត្តាឡីស័ក។ ជនបរទេសមួយចំនួនស្នាក់នៅកូរ៉េខាងត្បូង ជាពិសេសអ្នកដែលមកពីអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក គឺបានទទួលការចាក់វ៉ាក់សាំងមុនពេល ដែលកូរ៉េខាងត្បូងមានវ៉ាក់សាំងទៅទៀត ហើយពេលនោះ ពួកគេក៏មិនមានសិទ្ធិទទួលបានការលើកលែងការធ្វើចត្តាឡីស័ក ដែលត្រូវបានពង្រីកបន្ថែម ដល់ក្រុមបុគ្គលមួយចំនួន ក្នុងវិស័យធុរកិច្ច និងវិស័យអប់រំ ឬសម្រាប់ហេតុផលមនុស្សធម៌ផងដែរ។

    គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៤៧៧,៣៥៨ករណី រួមទាំង ២៤ករណីនៃវីរុសបំប្លែងថ្មី Omicron ខណៈ អ្នកស្លាប់មាន ៣,៨៩៣នាក់ និងអ្នកជាសះស្បើយ ៤០៩,០៤១នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ