• សម្តេចតេជោ ប្រកាសយកថ្ងៃទី១៨ ខែធ្នូ សម្ពោធដាក់ឱ្យប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ជាផ្លូវការ

    (ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈនឹងមានមនុស្សយ៉ាងតិច១ម៉ឺន ៥ពាន់នាក់ នឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធពហុកីឡដ្ឋានដ៏ធំមួយនេះ។

    ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាមាក់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ពហុកីឡដ្ឋាននេះ មានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។

    ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានធ្វើពិធីប្រគល់-ទទួលជាផ្លូវការកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។

    ការប្រកាសបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែងជិត ១០០គីឡូម៉ែត្រ ចំណាយថវិកាជិត ១០០លានដុល្លារអាមេរិក។

    សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «ហើយនាំគ្នាទៅហាត់ (ក្រុមកីឡា) នៅស្តាតថ្មីទៅ ដែលយើងនឹងសម្ពោធផ្លូវការនៅថ្ងៃទី១៨ ខែធ្នូ ដែលរាប់ថយក្រោយថ្ងៃសម្ពោធមានរយៈពេល៥០២ថ្ងៃ ថ្ងៃទី១៨ យើងត្រូវទៅធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្តាតជាផ្លូវការ ថ្ងៃដែលឯកឧត្តម វ៉ាង យី អញ្ជើញមកគឺប្រកាសផ្ទេរ ប្រគល់ ប៉ុន្តែ យើងអត់ទាន់បានធ្វើសម្ពោធនៅឡើយទេ […] មនុស្ស១ម៉ឺន ៥ពាន់នាក់ យ៉ាងតិចនឹងចូលរួមក្នុងពិធីសម្ពោធស្តាតថ្មីនេះ»។

    បើតាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា បើកុំតែបញ្ហាជំងឺកូវីដ១៩ ម្លោះថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចនឹងដាក់ឱ្យមនុស្សចូលរួមចំនួន៦ម៉ឺន ៥ពាន់នាក់ បូករួមទាំងក្រុមកីឡាករ កីឡារិនី ដើម្បីអបអរថ្ងៃសម្ពោធពហុកីឡដ្ឋានថ្មីរបស់កម្ពុជាដ៏ធំមួយនេះ។

    សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្រាប់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានសាងសង់រួចរាល់ និងត្រៀមសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនេះ គឺជាការអំណោយរបស់រដ្ឋាភិបាលចិន និងនិយាយមួយបែបជាកាដូរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង ជូនចំពោះប្រទេសកម្ពុជា និងសម្តេច ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

    សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

    ការសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ត្រូវបានសាងសង់ឡើងដោយឈរលើទស្សនទានបៃតង «Green Sport» ដោយមានសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ហើយ ៧០ភាគរយ ជាតំបន់បៃតង មានដូចជាដើមឈើ ស្មៅ និងទឹក… ហើយក៏មានការកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង។

    ពហុកីឡដ្ឋានធំនេះ ក៏មានសណ្ឋាគារចំនួន ៣៤បន្ទប់, ហាងលក់ទំនិញសម្លៀកបំពាក់កីឡា ឧបករណ៍ សម្ភារៈកីឡាគ្រប់ប្រភេទ និងផលិតផលផ្សេងៗ, មានបំពាក់កន្លែងកម្សាន្តរបស់កុមារ, មានសាលហាត់កីឡាមួយចំនួនក្រោមអគារធំ ហើយលក្ខណៈពិសេសនោះរបស់កីឡដ្ឋានធំនេះ គឺមានច្រកសុវត្ថិភាពច្រើន ដែលអាចរំដោះមនុស្ស ៦ម៉ឺននាក់ ក្នុងរយៈតែ ៧នាទីប៉ុណ្ណោះ។

    ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានជាតិ ដ៏ទំនើបមួយរបស់កម្ពុជា ដែលសាងសង់ឡើង ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ