• ប្រមុខ WHO រិះគន់ប្រទេសនានាដែលបានដាក់ការរឹតត្បិត លើអ្នកដំណើរពីអាហ្វ្រិកខាងត្បូង ពាក់ព័ន្ធនឹងអូមីក្រុង

    (ហ្សឺណែវ)៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom) នៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ (ពេលវេលានៅទីក្រុងហ្សឺណែវ) បានរិះគន់ធ្ងន់ៗចំពោះប្រទេសទាំងឡាយណា ដែលបានដាក់ការររឹតត្បិត និងហាមឃាត់ទៅលើអ្នកដំណើរពីតំបន់អាហ្វ្រិកខាងត្បូង ចំពោះមុខស្ថានការណ៍បន្ទាន់ បង្កឡើងដោយវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១។

    មេរោគបំប្លែងថ្មី Omicron ត្រូវបានប្រកាសរកឃើញមុខគេ កាលពីចុងខែវិច្ឆិកា ដោយក្រុមអ្នកវិទ្យាសាស្ត្រប្រទេសអាហ្វ្រិកខាងត្បូង ហើយភ្លាមៗត្រូវបាន WHO កំណត់ថា ជាវីរុសស្ថិតក្នុងក្តីព្រួយបារម្ភ។ យ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍ចុងក្រោយ វីរុស Omicron នេះបានបង្ហាញវត្តមាននៅអឺរ៉ុបតាំងតែពីមុន ការដាក់បម្រាមលើការធ្វើដំណើរ ពីសំណាក់បណ្តាប្រទេសនានា ទៅលើតំបន់អាហ្វ្រិកខាងត្បូងនោះទៅទៀត។

    ជុំវិញការរឹតត្បិតដ៏តានតឹងខាងលើនេះ ប្រមុខ WHO បានឆ្លើយតបយ៉ាងដូច្នេះថា «យើងនៅតែមានការខកចិត្ត ដែលប្រទេសមួយចំនួននៅតែបន្តបិទ ជើងហោះហើរត្រង់ពីអាហ្វ្រិកខាងត្បូង ដោយសារតែវីរុសបំប្លែងថ្មី Omicron នោះ…។ ការគោរព គឺត្រូវបានផ្តល់ចំពោះក្រុមអ្នកជំនាញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងបណ្តាប្រទេសអាហ្វ្រិក ក៏ដូចជាតម្លាភាព និងការចែករំលែករបស់ពួកគេ រួមទាំងទិន្នន័យដែលទាក់ទងនឹង Omicron ដែលជាវីរុសនៅក្នុងការព្រួយបារម្ភ។ នេះគឺជាការជួយធានាដល់ពិភពលោក ដែលមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា និងគ្រប់ទីកន្លែង»។

    គួរបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ WHO នៅតែមិនទាន់អាចកំណត់បាននៅឡើយទេ អំពីឥទ្ធិពលពិតប្រាកដរបស់ Omicron ខណៈក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសអាហ្វ្រិកខាងត្បូង និងអឺរ៉ុបជាដើមធ្លាប់បានអះអាងថា វាជាវីរុសបំប្លែងថ្មីដែលមានសមត្ថភាពចម្លង លឿនរហ័សជាងវីរុស Delta ឆ្ងាយ។ ប៉ុន្តែគេក៏មិនទាន់ឃើញមានករណីស្លាប់ ដែលបង្កឡើងដោយវីរុសបំប្លែងថ្មីនេះ នៅឡើយដែរ។

    សម្រាប់បណ្តាប្រទេសនៅតំបន់អាហ្វ្រិកខាងត្បូង ដែលបានទទួលរងបម្រាម នៃការធ្វើដំណើរនោះមានដូចជា ប្រទេសអាហ្វ្រិកខាងត្បូង, បុតស្វាណា, ហ្ស៊ីមបាបវ៉េ, ណាមីប៊ី, ឡេសូតូ, អេស្វាទីនី, ម៉ូហ្សំប៊ីក និងម៉ាឡាវីជាដើម។ ប្រទេសទាំងនេះ ក៏ធ្លាប់បានថ្កោលទោសប្រទេសគ្រប់ទិសទីនៅលើពិភពលោក ដែលបានដាក់ការរឹតត្បិត និងហាមឃាត់ការធ្វើដំណើរ មកលើពួកគេផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ