• ព្រះបាទយសោវរ្ម័នទី១ ក្រៅពីកសាងប្រាសាទភ្នំបាក់ខែងដ៏ស្រស់ត្រកាល ព្រះ​អង្គ​នៅ​មានស្នាព្រះហស្ថជាច្រើនជាទៀត

    ព្រះបាទយសោវរ្ម័នទី១ នៅក្នុងឆ្នាំ៨៨៩ដល់ឆ្នាំ៩០៨ នៃ គ .ស ដែលជាព្រះរាជ្យបុត្ររបស់ព្រះបាទឥន្រ្ទវរ្ម័នទី១មានស្នាព្រះហស្ថជាច្រើននៅក្នុងប្រវត្តិសាស្រ្តខ្មែរ បើយោងទៅតាមឯកសាររបស់សាស្រ្តចារ្យបណ្ឌិត ឥន សុផល នៅក្នុងរជ្ជកាលរបស់ព្រះអង្គមានត្រឹមតែរយ:ពេល១១ឆ្នាំតែប៉ុណ្ណោះ​ ព្រះអង្គ បានកសាងចក្រភពមួយដែលមានទំហំធំធេងនិងរឹងមាំខ្លាំងក្លា ដោយភាគកណ្តាលនៃចក្រភពអង្គរ លាតសន្ធឹងជាងពាក់កណ្តាលលើខ្ពង់រាបនគររាជ ភាគខាងកើតគ្រប់ដណ្តប់លើដីសណ្តនៃទន្លេមេគង្គ រុញច្រាននគរចម្ប៉ាឲ្យទៅដល់ឆ្នេរសមុទ្ររបស់ដាយវៀត ភាគខាងជើងគ្រប់ដណ្តប់រហូតដល់វៀងចន្ទ ចំណែកឯភាគពាយ័ព្យនិងបស្ចិមនៃចក្រភពអង្គរ គ្របដណ្តប់ទៅលើជ្រលងចៅប្រយ៉ារបស់ប្រទេសថៃនាពេលបច្ចប្បន្ន ។

    លើសពីនេះទៅទៀតព្រះបាទយសោវរ្ម័នទី១បានប្រើយុទ្ធសាស្ត្រដ៏ខ្ពង់ខ្ពស់ ដើម្បីការទាក់ទាញពាណិជ្ជករពីកំពង់ផែជ្វា ឲ្យចូលមករកស៊ីនៅកំពង់ផែអូកែវ ដើម្បីឲ្យអាណាចក្រខ្មែរធំរីកលូតលាស់យ៉ាងឆាប់រហ័សនិងរឹងមាំជាពិសេស វិស័យពាណិជ្ជកម្ម។

    នៅក្នុងរជ្ជកាលរបស់ព្រះបាទយសោវរ្ម័នទី១ ព្រះអង្គ កសាងប្រាសាទស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយ នៅចន្លោះ ប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ គឺប្រសាទភ្នំបាក់ខែង ក្នុងកំឡុងឆ្នាំ ៨៩០ គ .ស ដើម្បី ឧទ្ទិសចំពោះព្រហ្មញ្ញសាសនាថ្វាយ ព្រះឥសូរ ។

    ប្រាសាទភ្នំបាក់ខែងត្រូវកសាងនៅលើកំពូលភ្នំធម្មជាតិដែលយើងអាចទស្សនា ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃសុរិយាអស្តង្គតពណ៌មាសនៅទីក្រុងអង្គរបាន ជាពិសេសជាងនេះទៅទៀត ប្រាសាទភ្នំបាក់ខែងត្រូវបានកសាង ចំកណ្តាលទីក្រុងយសោធរបុរៈ ផងដែរ ហើយក្រៅពីបានកសាងប្រសាទភ្នំបាក់ខែង ព្រះបាទយសោវរ្ម័នទី១ក៏បានកសាងប្រាសាទជាច្រើនទៀតរួមមាន ប្រាសាទទេពប្រណម ប្រាសាទភ្នំបូកនិងប្រសាទភ្នំក្រោម ដើម្បី ឧទ្ទិសចំពោះព្រហ្មញ្ញសាសនាថ្វាយ ព្រះឥសូរ ។។

    ប្រភព៖ឯកសារ របស់សាស្ត្រាចារ្យ បណ្ឌិត ឥន សុផល (កម្ពុជារវៀងសៀម យួន និងអាណានិគមបារាំង)

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ