• ករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅកូរ៉េខាងត្បូង កើនឡើងដល់កម្រិតខ្ពស់បំផុត, ករណីវិជ្ជមាន Omicron «៥នាក់ដំបូង» ត្រូវបានរាយការណ៍កាលពីយប់ថ្ងៃពុធ

    (សេអ៊ូល)៖ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបានរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,២៦៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាការកើនឡើងនៃចំនួនករណីឆ្លងប្រចាំថ្ងៃ «ខ្ពស់បំផុត» មិនធ្លាប់មានពីមុនមក ខណៈអាជ្ញាធរបានសម្រេច «បញ្ឈប់» ការលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរ ដែលបានទទួលការចាក់វ៉ាក់សាំង «ពេញលេញ» ចូលមកកាន់ប្រទេស រយៈពេល ០២សប្ដាហ៍សិន ក្នុងគោលបំណងទប់ស្កាត់វត្តមាននៃវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

    បើតាម KDCA ប្រទេសកូរ៉េខាងត្បូង នឹងតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល «១០ថ្ងៃ» សម្រាប់អ្នកធ្វើដំណើរទាំងអស់ ដែលចូលមកកាន់ប្រទេស រយៈពេល ០២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃសុក្រ ទី០៣ ខែធ្នូ ខាងមុខនេះតទៅ ដោយបញ្ឈប់ការលើកលែង ដែលបានផ្តល់ឱ្យកាលពីលើកមុន សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ។

    ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានរកឃើញករណី «វិជ្ជមាន» នៃវីរុស COVID-19 បំប្លែងថ្មី Omicron ចំនួន «០៥ករណី» ជាលើកដំបូង កាលពីយប់ថ្ងៃពុធម្សិលមិញនេះ លើអ្នកដែលបានទទួលការចាក់វ៉ាក់សាំង ពេញលេញរួចរាល់ មកពីប្រទេសនីហ្សេរីយ៉ា ដែលបានមកដល់ប្រទេសកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន។

    គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៤៥៧,៦១២ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៧០៥នាក់ ខណៈជិត ៩២ភាគនៃមនុស្សពេញវ័យសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ បានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ