• លោក អាបេ៖ «ជប៉ុន និងអាមេរិកមិនគួរនៅស្ងៀមឡើយ នៅពេលចិនវាយប្រហារតៃវ៉ាន់»

    (តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ (Shinzo Abe) បានថ្លែងបើកទំព័រខែថ្មីនេះថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក មិនគួរឈរនៅស្ងៀមនោះឡើយ ប្រសិនបើប្រទេសចិនវាយប្រហារកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។

    លោក អាបេ ស៊ីនហ្សូ បានថ្លែងតាមរយៈប្រព័ន្ធវីដេអូ ទៅកាន់វេទិកាថ្នាក់តំបន់មួយ រៀបចំឡើងដោយវិទ្យាស្ថាននយោបាយរបស់តៃវ៉ាន់ថា ប្រជុំកោះសិនកាគុ (Senkaku) (ចិនហៅថា តៅយុ-Diaoyu) ស្ថិតនៅកៀកកោះតៃវ៉ាន់ ហើយក្នុងនោះដែនកោះ សាគិស៊ីម៉ា (Sakishima) និង យ៉ូណាហ្គូនិ (Yonaguni) មានចម្ងាយតែ ១០០គីឡូម៉ែត្រប៉ុណ្ណោះពីដែនដីតៃវ៉ាន់។ លោក អាបេ បានសង្កត់ធ្ងន់ជុំវិញបញ្ហានេះថា ការវាយប្រហារណាមួយទៅលើកោះតៃវ៉ាន់ ក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទៅដល់ជប៉ុនផងដែរ។

    អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ថែមទាំងបានថ្លែងទៀតថា «គ្រាអាសន្នរបស់តៃវ៉ាន់ គឺជាគ្រាអាសន្នរបស់ជប៉ុន ហើយក៏ជាគ្រាអាសន្នសម្រាប់សម្ព័ន្ធភាពរវាង ជប៉ុន-អាមេរិក ផងដែរ។ ដូច្នេះប្រជាជននៅទីក្រុងប៉េកាំង ជាពិសេសលោកប្រធានាធិបតី ស៊ី ជិនពីង មិនគួរមានការយល់ច្រឡំក្នុងបញ្ហានេះឡើយ»។

    គួរបញ្ជាក់ថា ប្រទេសជប៉ុនគឺជាជង្រុកនៃមូលដ្ឋានយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក ក្នុងនោះកោះ អូគីណាវ៉ា (Okinawa) ត្រូវបានគេសម្លឹងឃើញថា នឹងដើរតួយ៉ាងសំខាន់ ប្រសិនបើសហរដ្ឋអាមេរិកជ្រើសរើសការពារតៃវ៉ាន់ ក្នុងករណីដែលចិនបើកការវាយប្រហារ ទៅលើកោះនោះមែន ព្រោះដែនដីទាំងពីរនេះស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ