• ការលេចឡើងនៃមេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» ក្លាយជាក្តីបារម្ភចំពោះវិស័យទេសចរណ៍កម្ពុជា

    (ភ្នំពេញ)៖ ការបើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំង ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១នេះទៅ គឺក្តីសង្ឃឹមថ្មីរបស់ប្រតិបត្តិករ និងអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ ដែលធ្វើឱ្យពួកគេអាចស្តារអាជីវកម្មរបស់ខ្លួន ដែលរងគ្រោះជិត២ឆ្នាំ ប៉ុន្តែលេចឡើងនៃរោគបំប្លែងខ្លួនថ្មី ឈ្មោះថា «អូមីក្រុង» បានបង្កជាក្តីបារម្ភថ្មីមួយទៀត សម្រាប់អ្នកប្រកបរបរក្នុងវិស័យនេះ ដែលធ្វើភ្ញៀវទេសចរផ្លាស់ប្តូរការសម្រេចចិត្ត ក្នុងការដើរកម្សាន្ត ដើម្បីសុវត្ថិភាព។

    លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាហ្វិក បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែវិច្ឆិកានេះថា ក្រោយពីរាជរដ្ឋាភិបាល បានប្រកាសបើកប្រទេស និងបើកទទួលទេសចរចាក់វ៉ាក់សាំងរួច មាន ការកក់សំបុត្រសម្រាប់ដំណើរកម្សាន្តខ្លះៗ ពីភ្ញៀវទេសចរអន្តរជាតិនៅរវាងខែមីនា និងមេសា ឆ្នាំក្រោយ។ ប៉ុន្តែលោកថា ការប្រកាសពីការរកឃើញមេរោគបំប្លែងថ្មី បានបង្កក្តីព្រួយបារម្ភទៅដល់អ្នកធ្វើដំណើរជាច្រើននៅលើពិភពលោក ដែលអាចនឹងរាំងស្ទះដល់ដំណើរការបើកទទួលភ្ញៀវទេសចររបស់កម្ពុជាផងដែរ។

    លោកបន្តថា «ខ្ញុំជឿថាវត្តមានជំងឺនេះ នឹងធ្វើឱ្យប៉ះពាល់ទៅដល់ការធ្វើការសម្រេចចិត្ត ក្នុងការធ្វើដំណើរបស់ភ្ញៀវ ទៅមុខទៀត ហើយនឹងធ្វើឱ្យរាំងស្ទះដល់ការបើកឡើងវិញ នូវការទទួលភ្ញៀវចាក់វ៉ាក់សាំងរបស់កម្ពុជាយើងផងដែរ។ មិនមែនតែកម្ពុជាខ្ញុំជឿថា វត្តមានជំងឺនេះ នឹងធ្វើឱ្យការប៉ះពាល់ទៅដល់វិស័យទេសចរណ៍ ទាំងមូលនៅលើពិភពលោក ពីព្រោះជំងឺនេះ យើងឃើញហើយសូម្បីតែប្រទេសអាមេរិក ប្រទេសមហាអំណាចធំៗ ដែលមានសេដ្ឋកិច្ចរីកចម្រើនក៏មានការព្រួយបារម្ភខ្លាំងមែនទែននូវវត្តមានជំងឺនេះ»។

    លោកស្នើឱ្យរាជរដ្ឋាភិបាលពិចារណា ក្នុងការរឹតត្បិតចំពោះអ្នកដំណើរមកពីប្រទេសដែលពាក់ព័ន្ធ ឬដាក់នូវវិធានការចត្តាឡីស័ក្ក ចំពោះប្រទេសមានការពាក់ព័ន្ធនឹងជំងឺនេះ ដើម្បីកុំឱ្យប៉ះពាល់អ្នកដំណើរផ្សេងទៀត។

    ជាមួយគ្នានេះដែរ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានបង្ហាញក្តីព្រួយបារម្ភ ចំពោះការរីករាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ចំពោះវិស័យទេសចរណ៍នៅកម្ពុជា ខណៈក្នុងខែធ្នូខាងមុខនេះ កំណើនភ្ញៀវដែលកក់សំបុត្រ ឬកញ្ចប់ដំណើរកម្សាន្ត បានកើនឡើងយ៉ាងខ្លាំង ក្រោយពេល រាជរដ្ឋាភិបាលបានលុបការធ្វើចត្តាឡីស័ក ដែលធ្វើឱ្យពួកគេចង់មកកម្សាន្តនៅកម្ពុជា ហើយនៅពេលដែលជើងហោះហើរបើកឡើងវិញ កាន់តែច្រើននោះ ក៏ នឹងធ្វើឱ្យភ្ញៀវមកកម្ពុជាកាន់តែច្រើនផងដែរ។

    លោកស្រីបញ្ជាក់ថា «ប្រសិនបើការរីករាលដាលនៃមេរោគបំប្លែងថ្មីនេះ បន្តរីករាលដាលនៅប្រទេសផ្សេងៗទៀត វាជាហានិភ័យផងដែរ វាប៉ះពាល់ការសម្រេចចិត្ត ដល់ដំណើរកម្សាន្ត របស់ភ្ញៀវចូលមកប្រទេសកម្ពុជាផងដែរ ព្រោះថាភ្ញៀវត្រូវគិតពីសុវត្ថិភាព ព្រោះថាមេរោគបំប្លែងថ្មីនេះ ដូចជាខ្លាំងជាងវ៉ាក់សាំងទៅទៀត ប្រសិទ្ធវ៉ាក់សាំងមិនទប់ទល់ជាមួយមេរោគបំប្លែងនេះបានទេ អីចឹងបើមានការរីករាលដាលមកដល់ប្រទេសផ្សេងៗទៀត វាត្រូវតែមានការប៉ះពាល់ដល់ការសម្រេចចិត្តទៀតហើយ»។

    ប៉ុន្តែទោះបីយ៉ាងនេះក្តី លោកស្រីលើកឡើងថា កម្ពុជាអាចនឹងមិនរងហានិភ័យពីការរីករាលនៃជំងឺនេះ ដោយសារកម្ពុជាមិនមានជើងហោះហើរត្រង់ជាមួយប្រទេសនៅតំបន់អាហ្វ្រិក ទីដែលមានការរីកដាលនៃជំងឺនេះនោះទេ។

    ប្រទេសជិតខាងកម្ពុជា គឺប្រទេសថៃ កាលថ្ងៃសៅរ៍សប្តាហ៍មុន បានប្រកាសហាមឃាត់ការធ្វើដំណើរ រវាងប្រទេសស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូងចំនួន ០៨ នៅតំបន់អាហ្វ្រិកខាងត្បូងដូចជា ប្រទេសអាហ្វ្រិកខាងត្បូង, បុតស្វាណា, អេស្វាទីនី, ឡេសូថូ, ម៉ាឡាវី, ម៉ូហ្សាំប៊ីក, ណាមីបៀរ, និងហ្ស៊ីមបាបវ៉េ ដោយរដ្ឋាភិបាលថៃខាង នឹងចាប់ផ្តើមអនុវត្តចាប់ពីខែធ្នូ ខាងមុខនេះ ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ