ប្រទេសហ្វីលីពីននឹងបើកព្រំដែនឡើងវិញសម្រាប់ភ្ញៀវទេសចរមកពីបណ្តាប្រទេសមួយចំនួនដោយឈរលើមូលដ្ឋានសាកល្បងចាប់ពីថ្ងៃទី១ ខែធ្នូ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសេដ្ឋកិច្ចឡើងវិញដែលរងគ្រោះដោយសារជំងឺរាតត្បាត។
លោក Karlo Nograles អ្នកនាំពាក្យប្រធានាធិបតីស្តីទីបាននិយាយថា ជនបរទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ គ្រប់ដូសមកពីបណ្តាប្រទេសដែលមានហានិភ័យទាប នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសនេះក្នុងរយៈពេល ១៥ថ្ងៃដំបូង ឬអាចត្រូវបានពិចារណាសម្រាប់ការបន្ថែមរយៈពេលទៀត។
ប្រទេសហ្វីលីពីនដែលមានតំបន់ទេសចរពេញនិយមនៃឆ្នេរខ្សាច់សក្បុស និងជីវិតសមុទ្រដ៏សម្បូរបែប បានបិទទ្វាររបស់ខ្លួនចំពោះភ្ញៀវទេសចរបរទេសនៅពេលចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ-១៩ ចាប់តាំងពីដើមឆ្នាំ២០២០ មក៕