• ប្រទេសមួយចំនួនទៀតរកឃើញវត្តមាន មេរោគកូវីដបំប្លែងថ្មី Omicron

    (បរទេស)៖ វីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក នៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ជាមួយនឹងករណីឆ្លងថ្មីៗត្រូវបានរកឃើញ នៅក្នុងប្រទេសហូឡង់ ដាណឺម៉ាក និងអូស្ត្រាលី សូម្បីតែប្រទេសជាច្រើនទៀត ក៏បានដាក់ចេញនូវវិធានការរឹតត្បឹតលើការធ្វើដំណើរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៅក្នុងប្រទេសរបស់ពួកគេផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

    អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនមិនទាន់ច្បាស់ទេថា តើវីរុស COVID-19 បំប្លែងថ្មី Omicron ដែលត្រូវបានរកឃើញជាលើកដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង អាចមានសមត្ថភាពចម្លងលឿនរហ័ស ជាងវីរុសប្រភេទផ្សេងទៀត ឬអាចបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរជាងដែរ ឬមួយក៏យ៉ាងណានោះទេ។ ការស្វែងយល់ពីកម្រិតនៃភាពធ្ងន់ធ្ងររបស់វីរុស COVID-19 បំប្លែងថ្មី Omicron នឹងចំណាយពេលច្រើនថ្ងៃ ឬច្រើនសប្តាហ៍ទៀតឯណោះ។

    គួរបញ្ជាក់ថា ការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron បានបង្កឱ្យមានការភ្ញាក់ផ្អើលជាសកល ហើយរដ្ឋាភិបាលជុំវិញពិភពលោក បានព្យាយាមដាក់កំហិតលើការធ្វើដំណើរសាជាថ្មី ដោយបារម្ភថា វីរុសនេះអាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង និងរំខានដល់ការបើកសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺឆ្លងរាតត្បាតសកលរយៈពេល ០២ឆ្នាំ។

    នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន WHO ក៏បាននិយាយថា ខ្លួនកំពុងធ្វើការរួមគ្នាជាមួយអ្នកជំនាញបច្ចេកទេស ដើម្បីស្វែងយល់ពីផលប៉ះពាល់នៃវីរុសនេះ ទៅលើវិធានការទប់ស្កាត់ដែលមានស្រាប់ ប្រឆាំងនឹង COVID-19 រួមទាំងការចាក់វ៉ាក់សាំងផងដែរ។ ខណៈសហរដ្ឋអាមេរិកបានកោតសរសើរអាហ្វ្រិកខាងត្បូង ចំពោះការរកឃើញ Omicron រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងវិញ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានរិះគន់បណ្តាប្រទេសអ្នកមាន ដែលបានសម្រេចហាមឃាត់ការធ្វើដំណើរ រវាងប្រទេសមួយនេះយ៉ាងឆាប់រហ័ស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ