• រដ្ឋបាលរាជធានីភ្នំពេញ ប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលឆ្នាំ២០២០ ចំនួន ៥៩នាក់

    (ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដំណើរការប្រឡងជ្រើសរើសបេក្ខជន ចូលបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២០ នៅមណ្ឌលប្រឡងវិទ្យាល័យសន្ធរម៉ុក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមួយបេក្ខជនជិត១០០០នាក់ ដោយត្រូវជ្រើសរើសយកចំនួន៥៩នាក់។

    ការប្រឡងនេះ ធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡងដោយលោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ, លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ រួមនឹងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀត។

    ការប្រឡងចូលបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនេះ គឺដើម្បីយកទៅបម្រើការងារ នៅអង្គភាពនានា ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថេរវលានៃការប្រឡងដូចខាងក្រោម៖

    *ទី១៖ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ (រយៈពេល២ម៉ោង)
    *ជំនាញឯកទេស (កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា) និងភាសាអង់គ្លេស។

    *ទី២៖ ក្របខ័ណ្ឌមន្ត្រីក្រមការ (រយៈពេល២ម៉ោង)
    *ជំនាញឯកទេស (កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា) និងភាសាអង់គ្លេស

    *ទី៣៖ ក្របខ័ណ្ឌលេខាធិការរដ្ឋបាល (រយៈពេល២ម៉ោង)៖
    *ចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា។

    មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បេក្ខជនដែលប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅក្នុង ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២០នេះ មានចំនួន៩៨១រូប ស្រី៣៨៥រូប មានចំនួន៦៦បន្ទប់ ដោយត្រូវជ្រើសរើសយកចំនួន៥៩រូប ក្នុងនោះសម្រាប់រដ្ឋបាលរាជធានីភ្នំពេញចំនួន១៩រូប (រួមមាន៖ ក្របខ័ណ្ឌក ៩រូប,ខ ៥រូប និងលេខាធិការដ្ឋានរដ្ឋបាលចំនួន៥រូប)។ ចំនួន៤០នាក់ទៀត ជ្រើសរើសសម្រាប់ក្របខ័ណ្ឌ ក្រសួងមហាផ្ទៃ ដែលមានដូចជា (ក្របខ័ណ្ឌ ក ១៤រូប,ខ១៧រូបនិងគ៩រូប)។

    ចំពោះការប្រលងនេះ បេក្ខជនត្រូវបានអនុវត្តវិធានការសុខាភិបាលផងដែរ ដែលមានដូចជា៖ ពាក់ម៉ាស់គ្រប់ពេល (លើកលែង ពេលមន្ដ្រីអនុរក្សស្នើសុំឲ្យដោះម៉ាស់) ឆ្លងកាត់ការវាស់កំដៅ រក្សាគម្លាតសុវត្ថិភាព លាងដៃជាមួយអាល់កុល និងត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុននៃការចូលក្នុងបរិវេណមណ្ឌលប្រឡង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ