• កូរ៉េខាងជើង ផ្ទុះកំហឹងចំពោះដំណោះស្រាយ UN ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស

    (សេអ៊ូល)៖ ទីក្រុងព្យុងយ៉ាងបានសម្ដែងការខឹងសម្បារ និងច្រានចោលសេចក្ដីព្រាងដំណោះស្រាយមួយរបស់អង្គការសហប្រជាជាតិ ដែលរិះគន់ការរំលោភបំពាន សិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

    ប្រតិកម្មរបស់កូរ៉េខាងជើង កើតមានឡើង បួនថ្ងៃបន្ទាប់ពីគណៈកម្មាធិការទី៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានអនុម័តដំណោះស្រាយលើ សេចក្ដីព្រាងដំណោះស្រាយមួយរិះគន់ការរំលោភបំពានសិទ្ធិមនុស្សដោយអាជ្ញាធរកូរ៉េខាងជើង ដែលត្រូវបានគេរំពឹងថានឹងទទួលបានការអនុម័តជាផ្លូវការនៅឯ មហាសន្និបាត UN នៅខែធ្នូខាងមុខនេះ។

    យ៉ាងណាក៏ដោយ, ក្រសួងការបរទេសកូរ៉េខាងជើងបានច្រានចោលដំណោះស្រាយនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយទូរទស្សន៍រដ្ឋ KCNA កាលពី ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយចាត់ទុកថាមានលក្ខណៈស្ដង់ដារពីរ និងជាមានចេតប្រឆាំងនឹងកូរ៉េខាងជើង។ សេចក្ដីថ្លែងការណ៍នេះដដែល បានបញ្ជាក់ ដូច្នេះថា «យើងនឹងមិនអត់ឱនឱ្យជាដាច់ខាតចំពោះរាល់ការប៉ុនប៉ងទាំងឡាយដែលរំលោភលើអធិបតេយ្យភាពរបស់យើង ហើយយើងនឹងបន្តប្រឆាំងជាដាច់ខាតនូវ រាល់សកម្មភាពអរិភាពប្រឆាំងនឹងពួកយើង»។

    គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយ ដែលកូរ៉េខាងជើងទទួលរងការរិះគន់ជុំវិញការរំលោភសិទ្ធិមនុស្ស ដោយកាលពីឆ្នាំ២០១៤ គណៈកម្មការស៊ើបអង្កេត UN ក៏ធ្លាប់បានចោទប្រកាន់ផងដែរថាអាជ្ញាធរកូរ៉េខាងជើងគឺជាអ្នកទទួលខុសត្រូវទាំងស្រុងសម្រាប់ការរីកសាយភាពនៃរំលោភសិទ្ធិមនុស្សជាលក្ខណៈប្រព័ន្ធ។ ប៉ុន្តែ ទីក្រុងព្យុងយ៉ាង ជារឿយៗតែងតែទាត់ចោលការចោទប្រកាន់បែបនេះ ដោយចាត់ទុកថាជាចេតនាមួយដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរបបដឹកនាំលោក គីម ជុងអ៊ុន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ