• ក្រសួង កោះប្រជុំបន្ទាន់ជំរុញឱ្យអង្គភាពសាងសង់ផ្លូវ ៣៨ ខ្សែនៅសៀមរាប ធ្វើឲ្យចប់មុនចុងឆ្នាំ

    ក្រសួងសាធារណការ និងដឹកជញ្ជូន កោះប្រជុំបន្ទាន់ ដើម្បីជំរុញឱ្យអង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេស ពន្លឿនគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ឱ្យបានចប់មុនថ្ងៃទីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

    នៅទីស្តីការក្រសួង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីពន្លឿនការអនុវត្តគម្រោងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុកនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចូលរួមពីអង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

    សូមជម្រាបជូនថា យោងតាមស្មារតីនៃកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ ទីក្រុងសៀមរាប ខេត្តសៀមរាប អង្គប្រជុំបានជំរុញឱ្យអង្គភាពសាងសង់ទាំងអស់ខិតខំប្រឹងប្រែងបញ្ចប់គម្រោងសាងសង់នេះឱ្យបានត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឱ្យត្រូវនឹងថ្ងៃបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីតបស្នងសងគុណជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាថ្ងៃចងចាំមិនអាចបំភ្លេចបាន។

    ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់នាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យអង្គភាពសាងសង់ខិតខំប្រឹង ប្រែងពន្លឿនការងារ ដែលនៅសេសសល់មួយចំនួនរបស់ខ្លួនរួមមាន៖ ការងារអ៊ុតកៅស៊ូ ការងារត បណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់ពីខ្នងផ្ទះប្រជាពលរដ្ឋមកប្រព័ន្ធលូមេចំនួន១២២៩៩តំណ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការសាងសង់ចំណតរថយន្តដោយប្រើប្រាស់បេតុងសរសៃដែកកម្រាស់១៥សង់ទីម៉ែត្រ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារមួយចំនួនផ្សេងទៀត ដើម្បីឱ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែបញ្ចប់តាមការគ្រោងទុក និងបានស្នើឱ្យក្រុមហ៊ុនផ្តត់ផ្គង់សម្ភារ:ដូចជា ថ្ម កៅស៊ូ និងសម្ភារៈចាំបាច់ផ្សេងទៀតជូនអង្គភាពអនុវត្តគម្រោងឱ្យបានត្រឹមត្រូវ តាមស្តង់ដាដែលបានកំណត់។

    យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិត ត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន ៨៩,៣៩% នៃទំហំការងារសរុប (២% លឿនជាងផែនការធៀបនឹងរយៈពេលសាងសង់)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ