• និយ័តករទូរគមនាគមន៍កម្ពុជា ចាត់វិធានការបិទខ្ទប់គេហទំព័រចំនួន ៧៩ ដែលបានធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការចាត់វិធានការបិទខ្ទប់គេហទំព័រចំនួន ៧៩ ដែលបានធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

    និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) សូមជូនដំនឹងដល់សាធារណជនឲ្យបានជ្រាបថា ក្នុងកិច្ចសហការ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ន.ទ.ក បានចាត់វិធានការបិទខ្ទប់គេហទំព័រចំនួន ៧៩ បន្ទាប់ពីបានរកឃើញថាគេហទំព័រទាំងនេះ បានធ្វើប្រតិបត្តិការនិងផ្ដល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញក្នុងប្រទេសកម្ពុជា។

    ន.ទ.ក នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រ ដែលធ្វើប្រតិបត្តិការនិងផ្ដល់សេវាលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ ផ្ទុយនឹងសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៧ សរណន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ស្ដីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ិនធីណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពនេះ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។

    ជាមួយគ្នាងនេះដែរ ន.ទ.ក សូមអំពាវនាវដល់សាធារណជន ឲ្យចូលរួមរាយការណ៍ជូន ន.ទ.ក តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬបណ្ដាញសង្គម Facebook “និយតករទូរគមនាគមន៍កម្ពុជា Telecommunication Regulator of Cambodia” នូវគេហទំព័រណាមួយ ដែលបាននិងកំពុងធ្វើប្រតិបត្តិការ ឬផ្ដល់សេវាលេងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ​ ន.ទ.ក នឹងរក្សាការសម្ងាត់ជូន ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ