• អភិបាលរាជធានីភ្នំពេញ ស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កសាងរោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសណ្តរស្ទឹងព្រែកត្នោត

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កសាងរោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅសណ្តរស្ទឹងព្រែកត្នោត ភាគខាងលិចរាជធានីភ្នំពេញ ដោយយកទឹកពីស្ទឹងព្រែកត្នោត មកផលិតជាទឹកស្អាត ដើម្បីចែកជូនទៅប្រជាពលរដ្ឋចំនួន៣ខណ្ឌ នៅជាយរាជធានីភ្នំពេញ ខណៈដែលការផ្តល់ទឹកស្អាត នៅក្នុងរាជធានីភ្នំពេញ មិនទាន់គ្រប់គ្រាន់នៅឡើយនោះ។

    ការស្នើបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខណៈដែលលោក អនុញ្ញាតឱ្យលោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចូលសំដែងការសួរសម និងជំរាបរាយការណ៍ ជូនពីបច្ចុប្បន្នភាពការងារនៃការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

    លោក ឃួង ស្រេង បានថ្លែងថា លោកមិនមែនជាជំនាញពាក់ព័ន្ធនឹងការងារផលិតទឹកស្អាតនោះទេ ប៉ុន្តែអ្វីដែលលោកមើលឃើញនោះគឺ លោកចង់ឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បង្កើតរោងចក្រផលិតទឹកស្អាតមួយថ្មីទៀត នៅសណ្តរស្ទឹងព្រែកត្នោត ពោលគឺយកទឹកពីស្ទឹងព្រែកត្នោត មកផលិតជាទឹកស្អាត ដើម្បីផ្គត់ផ្គង់ទឹកស្អាតទៅឲ្យ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខណ្ឌ៣នៅជាយក្រុង ក្នុងនោះមានខណ្ឌកំបូលខណ្ឌ ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ។ ការងារនេះលោក ឃួង ស្រេង ស្នើឲ្យខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សហការជាមួយនឹងក្រសួងធនធានទឹក ដើម្បីសិក្សា។

    លោក ឃួង ស្រេង ក៏បានណែនាំដល់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ពិសេសលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ត្រូវណែនាំអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យពីការយកតម្លៃទឹកស្អាតពីបងប្អូនកម្មករ កម្មការិនី នៅតាមផ្ទះជួល ដោយលោកស្នើឲ្យអាជ្ញាធរធ្វើយ៉ាងណា សម្របសម្រួលជាមួយ ម្ចាស់ផ្ទះជួល ដើម្បីកុំអោយពួកគាត់យកតម្លៃទឹកស្អាតថ្លៃហួសហេតុពេក គឺត្រឹមតែយកតម្លៃផ្ទះជួលបានហើយ កុំយកចំណេញពីទឹកប្រើប្រាស់ថែមទៀត។

    លោកបានបញ្ជាក់ទៀតថា មានកម្មករកម្មការិនីរោងចក្រប្រមាណជាង៦០ម៉ឺននាក់ បាននិងកំពុងបំពេញការងារ នៅតាមបណ្តារោងចក្រនានា នៅក្នុងរាជធានីភ្នំពេញ ហើយពួកគាត់ភាគច្រើន មកជួលផ្ទះគេស្នាក់នៅ។ ក្នុងនាមជាអាជ្ញាធរ យើងត្រូវគិតពីសុខទុក្ខរបស់ពួកគាត់។

    ពាក់ព័ន្ធទៅនឹងការជីកកកាយទ្រូងផ្លូវ ដើម្បីដាក់បំពង់ទុយោទឹកស្អាត លោក ឃួង ស្រេង ក៏បានជំរុញឲ្យជំនាញពាក់ព័ន្ធមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងមន្ទីសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវធ្វើការជួសជុលឡើងវិញ ឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចទទួលយកបាន ក្រោយពីការជីកដាក់បំពង់ទុយោទឹកស្អាតរួចរាល់ ។

    ក្រោយជំនួបនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានទទួលអំណោយពីអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះផងដែរ ដើម្បីយកទៅឧបត្ថមជីវភាព ជូនប្រជាពលរដ្ឋ និងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះ បានឧបត្ដមមករដ្ឋបាលរាជធានីភ្នំពេញ នូវអង្ករចំនួន២០តោន អាកុល២០កាន និងម៉ាស់ចំនួន២០០០០ម៉ាស់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ