• ក្រសួងអប់រំ៖ ដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) រយៈពេល២ថ្ងៃបានបញ្ចប់ដោយរលូន

    (ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឲ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ជាទូទៅដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានភាពរលូនល្អ។

    ការប្រឡងឌីប្លូម ឆ្នាំ២០២១នេះ មានបេក្ខជនសរុប ១៦២ ៥៨៩ នាក់ (នារី ៨៧ ៨៧១នាក់), មណ្ឌលប្រឡងចំនួន ១៧២២ ត្រូវនឹងចំនួនបន្ទប់ប្រឡង ៧៣២៧។

    លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា «ជាទូទៅ ដំណើការប្រឡងឌីប្លូម មានរយៈពេលសរុបចំនួន២ថ្ងៃ គឺថ្ងៃ១៥-១៦ វិច្ឆិកា ២០២១ បានបញ្ចប់ដោយមានលទ្ធផល អាចទទួលយកបានតាមការគ្រោងទុក។ ដូចឆ្នាំកន្លងមកដែរ បេក្ខជនប្រឡងឌីប្លូមមួយចំនួនតូច អវត្តមានក្នុងអំឡុងពេលប្រឡងនេះ ដោយសារមូលហេតុបុគ្គល។ ការប្រឡងឌីប្លូមបានបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។ កាលបរិច្ឆេទប្រកាសលទ្ធផលប្រឡងឌីប្លូម គឺ ២២ វិច្ឆិកា ២០២១»

    ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណ ជូនចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ បេក្ខជនប្រឡងឌីប្លូម មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមរៀបចំ និងគាំទ្រដំណើរការប្រឡងឌីប្លូម ដោយបានអនុវត្តខ្ជាប់ខ្ជួននូវនីតិវិធីប្រឡង និងវិធានការសុវត្ថិភាពសុខភាព៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ