• ឡានដឹកខ្សាច់ ថ្ម បំផ្លាញផ្លូវក្នុងភូមិលេខ១ក ក្រុងតាខ្មៅ ខូចខាតស្ទើរទាំងស្រុងជាងមួយពាន់ម៉ែត្រ

    (កណ្ដាល)៖ ក្រុមឡានដឹកខ្សាច់បើកបំផ្លាញផ្លូវខូចខាតអស់ស្ទើរទាំងស្រុងដែលមានប្រវែងប្រមាណជា១ពាន់ម៉ែត្រ ស្ថិតនៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ត្រូវបានពលរដ្ឋស្នើអាជ្ញាធរទប់ស្កាត់បន្ទាន់ ដើម្បីជួស ជុលស្ថាបនាផ្លូវឲ្យស្អាតឲ្យបានដូចដើម និងស្នើបញ្ឈប់ការដឹកបណ្ដោះអាសន្នសិន ព្រោះផ្លូវមានការលំបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង។

    ផ្លូវលំភូមិលេខ១ក សង្កាត់ស្វាយរលំ គឺជាផ្លូវលំមួយប្រើប្រាស់ដោយពលរដ្ឋច្រើនរយនាក់ក្នុងមូលដ្ឋាន និងមិនដែលមានការខូចខាតខ្ទេចខ្ទាំខ្លាំងទេ បើទោះបីជាផ្លូវនោះបានរងនឹងការលិចម្តងម្កាល ដោយសារជំនន់ទឹកភ្លៀងក៏ដោយ។

    ពលរដ្ឋក្នុងមូលដ្ឋាន តែងរៃអង្គាសគ្នាដើម្បីចាក់ដី និងក្រួសតាមលទ្ធភាព ដើម្បីធ្វើឲ្យផ្លូវដែលប្រើប្រាស់សម្រាប់បំរើជីវភាពចាំបាច់របស់ពលរដ្ឋរៀងរាល់ថ្ងៃមិនឲ្យស្ទះពេលវេលាឡើយ។ ប៉ុន្តែផ្លូវលំលេខក១ ប្រវែងប្រមាណ១ពាន់ម៉ែត្រ ក្រោយការចាប់ដឹកដីដោយក្រុមហ៊ុនរថយន្តដឹកខ្សាច់ HSK ធ្វើអាជីវកម្មរបស់ខ្លួន ឆ្លងកាត់លើផ្លូវនោះច្រើនសប្តាហ៍កន្លងមកនេះ ការរកស៊ីចិញ្ចឹមជីវិត និងការធ្វើដំណើរបស់មន្ត្រីរាជការដែលរស់នៅតាមដងផ្លូវនោះ បានជួបប្រទះការលំបាកជាខ្លាំង។

    ផ្លូវត្រូវក្រុមហ៊ុនដឹកខ្សាច់ និងថ្ម បើកកិនកម្ទេចបើទោះបីជាមានការចាក់ដី និងកម្ទេចថ្មខ្លះក៏ដោយ។ អ្នកភូមិបានរាយការណ៍ថា តំណាងក្រុមហ៊ុន ដើម្បីបានដឹកដីយកទៅចាក់បំពេញស្រះនៅតំបន់ក្បែរនោះ បានធ្វើលិខិតមួយជាមួយ ប្រធានភូមិ ដោយសន្យាថា បើសិនការដឹកខ្សាច់លើផ្លូវនោះខូច គេនឹងជួលជុលបន្ថែម ប៉ុន្តែក្រុមហ៊ុនបានអនុវត្តតិចតួចណាស់មិនដូច តាមការសន្យានោះឡើយបើទោះបីមានការចាក់ដីខ្សាច់ និងកម្ទេចថ្មខ្លះលើផ្លូវនោះក៏ដោយ។

    អ្នកភូមិថ្លែងថា ការចាក់ដីខ្សាច់ និងកម្ទេចថ្មខ្លះលើផ្លូវនោះដោយក្រុមហ៊ុន គឺជាការជួយឲ្យរថយន្តដឹកខ្សាច់ខ្នាតយក្សនោះ ធ្វើដំណើរដើម្បីប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែរថយន្តខ្នាតតូច, ម៉ូតូ និងយានយន្តនានារបស់ប្រជាពលរដ្ឋ នៅទីនោះ មិនអាចធ្វើដំណើរបានឡើយដោយសារល្បប់ភក់ ធ្វើឲ្យរថយន្តម៉ូតូជាប់ផុង, រលត់ម៉ាស៊ីន, ខូចខាតជារៀងរាល់ ថ្ងៃ និងប៉ះពាល់ដល់ការប្រកមមុខរបរ និងការងារដល់មន្ត្រីរាជការដែលតែងធ្វើដំណើរលើផ្លូវនោះថែមទៀត។

    អ្នកភូមិដែលប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារមិនអាចទ្រាំនឹងអំពើខ្វះការទទួលខុសត្រូវនេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ពួកគេធ្លាប់បានធ្វើទំនាក់ទំនងជាមួយរដ្ឋបាលក្នុងមូលដ្ឋាន ជាច្រើនដងដើម្បីការជួយដោះស្រាយប្រជាពលរដ្ឋដោយសារខាតបង់ការងារ, មិនអាចចេញទៅធ្វើការបានទាន់ពេលវេលា ឬត្រូវខាតបង់ប្រាក់រៀងរាល់ថ្ងៃ ដើម្បីការជួសជុលយានយន្តដោយសារតែការខ្វះភាពទទួលខុសត្រូវ របស់ក្រុមហ៊ុន។

    អ្នកភូមិច្រើនសិបនាក់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលដោយបានលើកឡើងពីទុក្ខលំបាកយ៉ាងខ្លាំង ក្នុងការធ្វើដំណើរដោយសារផ្លូវត្រូវបានកម្ទេចអស់ស្ទើរទាំងស្រុង ណាមួយខែនេះជាខែភ្លៀងផងនោះ ជាហេតុបណ្ដាលឲ្យផ្លូវខូចខ្ទេចខ្ទីរ មិនអាចធ្វើដំណើរបានស្រួលឡើយ។

    ប្រជាពលរដ្ឋបានស្នើយ៉ាងទទួចសុំឲ្យអាជ្ញាធរហាមឃាត់ក្រុមហ៊ុនដឹកដីខ្សាច់នោះ ផ្អាកសកម្មភាពមួយរយៈសិន ក្នុងពេលផ្លូវដែលបើកកិនកម្ទេចដោយរថយន្តដឹកខ្សាច់ខ្នាតយក្សនោះ ត្រូវពលរដ្ឋមិនអាចធ្វើដំណើរបាន និងស្នើសុំជួលជុលផ្លូវនោះឲ្យបានល្អប្រសើរសិន មុននឹងក្រុមហ៊ុនបន្តធ្វើអាជីវកម្មរបស់ខ្លួន។

    ប្រជាពលរដ្ឋបានស្នើដល់ក្រុមហ៊ុនថែមទៀតមិនត្រូវប្រើរថយន្តខ្នាតយក្សដឹកដីខ្សាច់និងថ្មដែលមានទម្ងន់ធ្ងន់ កិនកម្ទេចលើផ្លូវដែលគ្មានគ្រឹះរឹងមាំនោះឡើយ បើពុំដូច្នោះទេ ផ្លូវដដែលនោះ នឹងគ្រាន់តែធ្វើដើម្បីតែបំរើប្រយោជន៍ ឲ្យក្រុមហ៊ុនតែមួយចំហៀងតែប៉ុណ្ណោះ។

    ទន្ទឹមនឹងការលើកឡើងនេះដែរ លោក មឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា លោកនឹង ពិនិត្យលើករណីនេះ ហើយស្នើឲ្យពលរដ្ឋដាក់លិខិតអន្តរាគមន៍ចូលមកមន្ទីរ ដើម្បីលោកនឹងកោះហៅខាងភាគីក្រុមឡាន និងអ្នកពាក់ព័ន្ធមកសាកសួរ និងដើម្បីបញ្ជាឲ្យកសាងផ្លូវឲ្យពលរដ្ឋឡើងវិញ។ ទោះយ៉ាងណា ខាងក្រុមហ៊ុនខ្សាច់ពុំទាន់អាចទាក់ទងបាននៅឡើយទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ