• លោក ចូ បៃដិន អបអរជ័យជម្នះដ៏កម្រ នៅឯពិធីចុះហត្ថលេខាលើកញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកាដ៏ធំមហិមាសម្រាប់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ឱ្យវាក្លាយទៅជាច្បាប់ជាផ្លូវការហើយ នៅក្រោមស្វាគមន៍ដ៏កម្រពីគណបក្សធំទាំង២ នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

    កញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធមានទំហំ ១.២ទ្រីលានដុល្លារ នឹងត្រូវបានប្រើប្រាស់លើការជួសជុលស្ពាន, ផ្លូវថ្នល់, ផ្លាស់ប្ដូរប្រព័ន្ធទឹកដែលមិនមាន ផាសុខភាព, សាងសង់កន្លែងសាកថ្មរថយន្ដអគ្គិសនី និងពង្រីកវិសាលភាពអ៉ិនធើណិតជាដើម។ នេះជាការវិនិយោគដ៏មានសារៈសំខាន់បំផុតរបស់ រដ្ឋាភិបាលអាមេរិក ចាប់តាំងពីការបង្កើតបណ្ដាញជាតិផ្លូវហាយវ៉េ នៅទសវត្សរឆ្នាំ១៩៥០មក។

    ថ្លែងក្នុងពិធីចុះហត្ថលេខានៅឯសេតវិមាន ក្រោមសំឡេងអបអរសាទរពីអ្នកចូលរួមរាប់រយនាក់នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក បៃដិនបានបញ្ជាក់ដូច្នេះថា «យើងបានស្ដាប់ឮសុន្ទរកថារាប់មិនអស់… តែចុងបញ្ចប់ នៅថ្ងៃនេះ យើងអាចសម្រេចវាបាន។ ដូច្នេះសាររបស់ខ្ញុំ ចំពោះប្រជាជនអាមេរិកនោះគឺថា អាមេរិកកំពុងផ្លាស់ប្ដូរ ហើយជីវិតរបស់អ្នកទាំងអស់គ្នានឹងផ្លាស់ប្ដូរទៅរកភាពល្អប្រសើរ»។

    គួរបញ្ជាក់ថា ការសម្រេចបាននូវកញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានការអនុម័តពីសភាទាំង២ របស់សហរដ្ឋអាមេរិក កើតមានឡើងនៅ ចំពេលប្រជាប្រិយភាពរបស់លោក ចូ បៃដិន បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថានកាលពីខែសីហាមក ខណៈលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងខ្ពស់ថាអាចនឹងចូលរួមប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិកសាជាថ្មី នៅឆ្នាំ២០២៤៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ