• ឡាវសម្រេចអនុវត្តវិធានការរឹតត្បិតបន្តទៀត ចំពោះមុខការឆ្លងរាតត្បាតកូវីដ-១៩ ដែលនៅតែធ្ងន់ធ្ងរ

    (វៀងច័ន្ទ)៖ ឆ្លើយតបនឹងកំណើននៃករណីឆ្លងជំងឺ COVID-19 ដែលនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់នៅឡើយនោះ រដ្ឋាភិបាលឡាវបានសម្រេចឲ្យបន្តអនុវត្ត វិធានការរឹតត្បិតទូទាំងប្រទេសទៅមុខទៀត រហូតដល់មានការជូនដំណឹងឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

    អនុប្រធានការិយាល័យនាយករដ្ឋមន្ត្រីឡាវ លោក ធីបផាកន ចន្ថាវង្សា (Thipphakone Chanthavongsa) បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយ នៅរដ្ឋធានីវៀងច័ន្ទ កាលពីថ្ងៃអាទិត្យម្សិលមិញនេះថា ការសម្រេចចិត្តដូចខាងលើនេះ ក៏ព្រោះតែប្រទេសឡាវបាននិងកំពុងមើលឃើញ ករណីឆ្លងរាតត្បាតជំងឺ COVID-19 នៅតែបន្តកើនឡើងតាមបណ្តាខេត្តនានា ជាពិសេសគឺរដ្ឋធានីវៀងច័ន្ទ។

    លោក ធីបផាកន បានបន្តទៀតថា ករណីឆ្លងភាគច្រើនត្រូវបានអាជ្ញាធរកត់ត្រា ពីតំបន់ដែលមានប្រជាជនរស់នៅច្រើន ដោយសារតែការចូលរួមពិធីជួបជុំនានាក្នុងសង្គម, ការិយាល័យ, អង្គការ និងនៅក្នុងក្រុមគ្រួសារដែលមានសមាជិកច្រើនជាដើម។

    ដោយឡែកច្រកព្រំដែននានារបស់ឡាវក៏នៅតែបន្តបិទ និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងផងដែរ ខណៈការជួបប្រជុំ និងសន្និសីទនានា ដែលមានការប្រមូលផ្តុំមនុស្សចាប់ពី ៥០នាក់ឡើងទៅត្រូវបានហាមឃាត់ បូករួមទាំងពិធីបុណ្យសាសនា និងសកម្មភាពផ្សេងៗទៀត។

    គួរបញ្ជាក់ថា នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកានេះ ឡាវបានប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៨២៦នាក់ទៀត ដែលនាំឲ្យករណីឆ្លងសរុបកើនឡើងដល់ ៥៥,០១៨នាក់ ខណៈចំនួនអ្នកស្លាប់វិញបានកើនដល់ ១០៤នាក់ហើយ បន្ទាប់ពីអ្នកស្លាប់ ០៥នាក់ទៀត ត្រូវបានបូកបញ្ចូលនៅក្នុងថ្ងៃដដែលនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ