• អូទ្រីស ចាត់វិធានការ Lockdown ចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញ

    (វីយែន)៖ អធិការបតីអូទ្រីសលោក Alexander Schellenberg បាននិយាយនៅថ្ងៃអាទិត្យនេះថា ចាប់ត្រឹមថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកានេះ អាជ្ញាធរ ប្រទេសអូទ្រីសនឹងដាក់មនុស្សរាប់លាននាក់ ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញ ឲ្យស្ថិតនៅក្រោមវិធានការបិទខ្ទប់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃករណីឆ្លងថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

    ប្រជាជនអូទ្រីសប្រមាណ៦៥% បានចាក់វ៉ាក់សាំងពេញលេញ ដែលជាអត្រាទាបបំផុតមួយនៅអឺរ៉ុបខាងលិច ខណៈប្រជាជនអូទ្រីសជាច្រើនមានការសង្ស័យអំពីវ៉ាក់សាំង ដែលជាទស្សនៈមួយដែលត្រូវបានលើកទឹកចិត្តដោយគណបក្សសេរីភាពស្តាំនិយម ដែលជាគណបក្សដ៏ធំបំផុតទីបីនៅក្នុងសភា។

    ខណៈពេលដែលប្រទេសហូឡង់កំពុងដោះស្រាយជាមួយនឹងការកើនឡើងនៃករណីឆ្លងថ្មី ដោយការដាក់ចេញវិធានការបិទខ្ទប់ដោយផ្នែកចំពោះប្រជាជនទូទៅ នៅប្រទេសអូទ្រីសឯណោះ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សអភិរក្សរនិយាយថា ខ្លួនចង់ជៀសវាងការដាក់កំហិតបន្ថែមទៀតលើអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ។

    គួរបញ្ជាក់ថា អឺរ៉ុបបានក្លាយជាចំណុចកណ្តាល នៃផ្ទុះឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ម្តងទៀត ដែលជំរុញឱ្យរដ្ឋាភិបាលមួយចំនួនពិចារណាលើការដាក់ចេញវិធានការបិទខ្ទប់ឡើងវិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ