• សត្វតោ ៤ ក្បាលឆ្លងជំងឺកូវីដ-១៩ ពីមនុស្សដែលមកទស្សនាពួកវា ក្នុងសួនសត្វនៅសិង្ហបុរី

    (សិង្ហបុរី)៖ សត្វតោអាស៊ីចំនួន ០៤ក្បាលនៅសួនសត្វពេលរាត្រី (Night Safari) នៃប្រទេសសិង្ហបុរី បានធ្វើតេស្តឃើញលទ្ធផល «វិជ្ជមាន» ចំពោះជំងឺ COVID-19 បន្ទាប់ពីបានប៉ះពាល់ជាមួយបុគ្គលិកមកពីអង្គការ មែនដៃ (Mandai Wildlife Group) ដែលបានឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

    សេវាកម្មថែទាំសត្វ និងពេទ្យសត្វ (AVS) នៃប្រទេសសិង្ហបុរី បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃអង្គារសប្តាហ៍នេះថា សត្វតោអាស៉ីចំនួន ០៤ក្បាលខាងលើ បានបង្ហាញរោគសញ្ញាស្រាល រួមទាំងក្អក កណ្តាស់ និងអស់កម្លាំង តាំងតែពីថ្ងៃសៅរ៍សប្ដាហ៍មុន ខណៈសត្វតោអាហ្រ្វិកមួយក្បាលទៀត ក៏បានបង្ហាញរោគសញ្ញាដូចនេះដែរ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយកំពុងស្ថិតក្រោមការធ្វើតេស្ត។

    AVS បានឲ្យដឹងបន្ថែមថា «នេះគឺដោយសារការប៉ះពាល់ជាមួយបុគ្គលិកមកពីអង្គការ មែនដៃ ដែលបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន ចំពោះជំងឺនេះ»។ ជុំវិញបញ្ហានេះ AVS ក៏បានបង្គាប់ទៅកាន់អង្គការ មែនដៃ ឱ្យដាក់សត្វតោអាស៊ីចំនួន ០៩ក្បាល និងសត្វតោអាហ្វ្រិកចំនួន ០៥ក្បាលនៅដាច់ដោយឡែកមួយរយៈសិន នៅក្នុងរូងរៀងៗខ្លួន ដោយរួមបញ្ចូលទាំងសត្វតោចំនួន ០៥ក្បាល ដែលបានបង្ហាញរោគសញ្ញារួចហើយផងដែរ។

    បើតាមស្ថាប័ន AVS របស់សិង្ហបុរី សត្វតោអាស៊ីចំនួន ០៤ក្បាលត្រូវបានធ្វើតេស្ត PCR ដោយទទួលបានលទ្ធផល «វិជ្ជមាន» ខណៈខ្លួនកំពុងធ្វើការជាមួយអង្គការ មែនដៃ ដើម្បីតាមដានយ៉ាងដិតដល់នូវសុខភាពរបស់សត្វតោ ហើយនឹងកំពុងធ្វើតេស្តលើសត្វតោផ្សេងៗទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ