• សម្តេចតេជោ អនុញ្ញាតឱ្យពលរដ្ឋរៀបចំពិធីមង្គលការ ដោយមានអ្នកចូលរួមច្រើនបំផុតត្រឹម២០០នាក់

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបចំពិធីមង្គលការឡើងវិញ ក្រោយប្រកាសបើកប្រទេស ប៉ុន្តែមង្គលការនោះ ត្រូវកំណត់ឱ្យមានភ្ញៀវចូលរួមច្រើនបំផុតត្រឹម២០០នាក់ប៉ុណ្ណោះ ហើយក្នុងនោះមិនរាប់បញ្ចូលទាំងអ្នកផ្តល់សេវានានានោះឡើយ។

    ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសម្ពោធ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង២៨លានដុល្លារអាមេរិក នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «រៀបការ ម្សិលមិញខ្ញុំបញ្ជាក់ហើយ អនុញ្ញាតឱ្យចូលរួមច្រើនបំផុត២០០នាក់ តែមិនគិតចំពោះអ្នកបម្រើសេវា ព្រោះបើមិនអញ្ចឹងអនុវត្តមិនបានទេ»។

    សម្តេចបានបន្ថែមថា អ្នកបម្រើសេវានេះ មានទាំងអ្នករត់តុ ចុងភៅ និងអ្នកបម្រើសេវាអាពាហ៍ពិពាហ៍ផ្សេងៗទៀត។

    រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីការរីករាលដាលនៅក្នុងប្រទេសបានធ្លាក់ចុះ ហើយពលរដ្ឋស្ទើរគ្រប់គ្នាទទួលបានវ៉ាក់សាំង។ ជាមួយនឹងការប្រកាសបើកប្រទេសនេះ អាជីវកម្មស្ទើរតែទាំងអស់ត្រូវបានអនុញ្ញាត លើកលែងតែខារ៉ាអូខេ ហើយអាពាហ៍ពិពាហ៍ក៏មានការអនុញ្ញាតឱ្យរៀបចំឡើងវិញផងដែរ។

    សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្តេចនឹងតាមដានស្ថានភាពបន្តទៀត ដែលថ្ងៃខាងមុខអាចនឹងបើកឱ្យមានភ្ញៀវចូលរួមមង្គលការច្រើនជាងនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ