• អភិបាលខេត្តកំពត ណែនាំដល់អាជ្ញាធរដាច់ខាតមិនត្រូវប្រើកម្លាំងទៅលើប្រជាពលរដ្ឋ បើទោះពួកគាត់មានកំហុសឆ្គង

    (កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរទូទាំងខេត្ត ហាមដាច់ខាតមិនត្រូវ ប្រើកម្លាំងទៅតទល់ ឬវាយដំជាមួយប្រជាពលរដ្ឋទេ ទោះបីប្រជាពលរដ្ឋលោកមានកំហុសឆ្គងយ៉ាងណាក៏ដោយ។

    ការណែនាំបែបនេះ របស់លោក ម៉ៅ ធនិន បានធ្វើឡើងនៅក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ នៅសាលប្រជុំសាលាខេត្តកំពត។

    ទន្ទឹមនេះលោក ម៉ៅ ធនិន ក៏បានបញ្ជាក់ថា ចំពោះកម្លាំងអមិត្ត ដែលមានចេតនាបំផ្លាញនូវសន្តិសុខជាតិ បំផ្លាញសន្តិភាពតម្រូវការឱ្យប្រើប្រាស់កងកម្លាំ។ ចំពោះមេខ្យល់របស់ក្រុមអនាធិបតេយ្យ ក្នុងជម្លោះដីធ្លីគេនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

    លោក ម៉ៅ ធនិន បានលើកឡើងថា «រូបលោកបានចូលកាន់តំណែងជាអភិបាលខេត្តកំពត ទើបតែបានជាង២០ថ្ងៃ ក៏ដោយប៉ុន្តែលោកយល់អំពីចំណុចរសើបនោះ គឺបញ្ហាជម្លោះដីធ្លីដែលជាចំណុចក្តៅបំផុត ហើយអាជ្ញាធរបានខិតខំដោះស្រាយរាប់ឆ្នាំកន្លងមកហើយតែមិនទាន់មានលទ្ធផល។ ដីគឺជាជីវិតហើយ ដីជាចំណុចរសើបបំផុត ហើយដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាពពេាញលេញអ្នកណាក៏ត្រូវការដីដែរ។ ដូច្នេះ អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ចំពោះបញ្ហានេះ ប៉ុន្តែ អាជ្ញាធរមន្ត្រី ជំនាញពាក់ព័ន្ធមិនអាចប្រើប្រាស់កងកម្លាំង ទៅទប់ទល់ ចាប់ចង ឬវាយដំលើប្រជាពលរដ្ឋបានឡើយទោះប្រជាពលរដ្ឋខ្លះខិលខូច ឬខុសឆ្គងយ៉ាងណាក៏ដោយ»។

    លោកអភិបាលខេត្ត បានបញ្ជាក់ថា នីតិវិធីដោះស្រាយមានសម្រាប់យកទៅអនុវត្តគ្រប់គ្រាន់ ហើយលោកនឹងធ្វើការសម្របសម្រួលដោះស្រាយដោយសន្តិវិធី ដោយប្រើយុទ្ធសាស្ត្រឈ្នះឈ្នះ តាមរយៈឋានានុក្រមគ្រួសារតែមួយ ហើយបើមានក្រុមអនាធិបតេយ្យ ទៅទន្ទ្រានដីព្រៃ ឬដណ្តើមដីជាមួយប្រជាពលរដ្ឋ អាជ្ញាធរជំនាញពាក់ព័ន្ធត្រូវស្រាវជ្រាវរកមេខ្យល់ម្នាក់ ឬពីរនាក់ ហើយអញ្ជើញគាត់មកអធិការស្រុក ឬបើមេខ្យល់ខ្លាំង អញ្ជើញមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីលោកជួបនិយាយសម្របសម្រួលដោះស្រាយជាមួយ មេខ្យល់រូបនោះ ដោយមានការសហការផ្នែកផ្លូវច្បាប់ ពីលោកព្រះរាជអាជ្ញាមសាលាដំបូងខេត្ត ថាតើលោកគួរដោះស្រាយយ៉ាងណាចំពោះបុគ្គលជាមេខ្យល់នោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ