• UN សន្យាបន្តគាំទ្រដល់កម្ពុជា លើការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន

    (ភ្នំពេញ)៖ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការង អង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃ UN-ESCAP បានបញ្ជាក់ថា អង្គការសហប្រជាជាតិ នៅតែបន្តជួយគាំទ្រដល់កម្ពុជាលើការងារ និងព័ត៌មានអំពីវឌ្ឍនៈភាពនៃការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានរបស់កម្ពុជា។

    ការឱ្យដឹងបែបនេះ របស់លោកស្រី Armida Salsiah Alisjahbana បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចក្រឡាហោម ស ខេង អនុញ្ញាតជូនលោកស្រី ជួបសម្ដែងការគួរសម និងពិភាក្សាការងារតាមប្រព័ន្ធ Zoom នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ នេះបើតាមទំព័រ Facebook របស់សម្តេចក្រឡាហោម ស ខេង។

    ក្នុងជំនួបនោះ លោកស្រីអគ្គលេខាធិការរងអង្គការរងអង្គការសហប្រជាជាតិ បានជម្រាបជូនសម្ដេចក្រឡាហោម អំពីការរៀបចំកិច្ចប្រជុំតុមូលលើកទី២ ថ្នាក់រដ្ឋមន្ត្រីស្ដីពីការងារការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងការគោរពអញ្ជើញសម្ដេចក្រឡាហោមក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាចូលរួមក្នុងកិច្ចប្រជុំលើកទី២ ដែលលោកស្រីបានជម្រាបជូននេះ។

    សម្ដេចក្រឡាហោម បានថ្លែងអំណរគុណជូនលោកជំទាវ អគ្គលេខាធិការរងដែលបានជម្រាបជូនអំពីកម្មវិធីខាងលើ ហើយជាមួយគ្នានេះ សម្ដេចក្រឡាហោមក៏បានសម្ដែងការអបអរសាទរកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២ ស្ថិតិអត្រានុកូលដ្ឋានដែលរៀបចំតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងនោះសម្ដេចក៏បានថ្លែងគាំទ្រឱ្យមានជាវេទិកាកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រីនេះ។

    បន្ថែមពីនេះ សម្តេក្រឡាហោម ស ខេង ក៏បានជម្រាបជូនលោកជំទាវអំពីបច្ចុប្បន្នភាពមួយចំនួនពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋានរបស់កម្ពុជា ដោយសម្ដេចបានជម្រាបជូនថាកម្ពុជាបាននិងកំពុងតែខិតខំយកចិត្តទុកដាក់ធ្វើការងារនេះយ៉ាងសកម្ម ហើយកម្ពុជាក៏មានផែនការយុទ្ធសាស្ត្ររបស់ខ្លួន ២០១៧-២០២១ ដែលផែនការនេះ កំពុងអនុវត្តរហូតដល់បច្ចុប្បន្ន។

    សម្ដេចក្រឡាហោម ស ខេង បានបន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់រៀបចំសេចក្ដីព្រាងច្បាប់សំខាន់ៗមួយចំនួនជាច្បាប់ស្ដីពីអត្រានុកូលដ្ឋាន និងការងារអត្តសញ្ញាណកម្មជាដើម ដែលក្នុងគោលដៅជាសំខាន់ គឺខិតខំធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅមួយគឺមនុស្សម្នាក់មានអត្តសញ្ញាណមួយ។

    សម្ដេចក្រឡាហោម ក៏បានចាត់ទុកថាកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២ ខាងមុខនេះ ក៏ជាឱកាសមួយក្នុងការបង្កើតភាពដៃគូថ្មីមួយទៀតដើម្បីរួមចំណែកដល់កិច្ចការរបស់កម្ពុជា ក្នុងវឌ្ឍនភាពនៃការងារអត្រានុកូលដ្ឋានដែលកម្ពុជាកំពុងតែអនុវត្តពេលនេះ។

    លោកស្រីអគ្គលេខាធិការរង ក៏បានវាយតម្លៃខ្ពស់និងអបអរសាទរចំពោះកម្ពុជា ដែលបានបង្កើតនូវផែនការជាតិរយៈពេល១០ឆ្នាំ ២០១៧-២០២៤ ហើយទន្ទឹមគ្នានេះ មកដល់ពេលនេះមានរយៈពេល៤ឆ្នាំមកហើយ និងសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំសេចក្ដីព្រាងច្បាប់មួយចំនួនដែលសម្ដេចបានជម្រាបជូនក្នុងគោលដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅ និងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋម្នាក់មានអត្តសញ្ញាណតែមួយ។

    លោកស្រីក៏បានជម្រាបជូនដែរថា គោលបំណងនៃការរៀបចំនូវសន្និសីតកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២នេះ ក៏ជាគោលបំណងមួយក្នុងការជំរុញប្រទេសនានាដែលចូលរួមនោះបង្ហាញពីបទពិសោធន៍ កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ពាក់ព័ន្ធទៅនឹងការងារអត្រានុកូលដ្ឋាននេះផងដែរ។

    ចំពោះកិច្ចប្រជុំនេះដែរ លោកស្រី Armida Salsiah Alisjahbana បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង បន្តថាលោកស្រីសូមគោរពអញ្ជើញសម្ដេចចូលរួមកិច្ចប្រជុំ ព្រមទាំងថ្លែងនូវសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធទៅនឹងវឌ្ឍនភាពការងារដែលកម្ពុជាសម្រេចបានលើការងារអត្រានុកូលដ្ឋាន ស្តិតិអត្រានុកូលដ្ឋាននេះ ដែលកិច្ចការនេះមានសារៈសំខាន់ និងពាក់ព័ន្ធទៅនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចឱ្យបាននូវគោលដៅទី១៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។

    ជាការឆ្លើយតបការអញ្ជើញនេះ សម្ដេចក្រឡាហោម ស ខេង សូមថ្លែងអំណរគុណ និងគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរៀបចំកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីនេះ ហើយសម្ដេចនឹងអញ្ជើញចូលរួមតាមការអញ្ជើញ និងបានបញ្ជាក់ទៀតថាកិច្ចប្រជុំនេះ ក៏ជាឱកាសមួយសម្រាប់កម្ពុជាក្នុងការធ្វើសេចក្ដីថ្លែងការណ៍ដើម្បីចែករំលែកបទពិសោធន៍ខ្លះៗដែលកម្ពុជាសម្រេចបានក្នុងពេលកន្លងមក។

    សម្ដេចក៏បានជម្រាបជូនលោកស្រីដែរថា ផ្អែកលើប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ដែលកិច្ចការអត្រានុកូលដ្ឋាននេះត្រូវបានកំទិចចោលស្ទើរតែទាំងស្រុងនៅក្នុងអំឡុងទស្សវត្សឆ្នាំ១៩៧០ ហើយមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើកិច្ចការនេះ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ច្រើនតាមយុទ្ធសាស្ត្រដែលបានដាក់ចេញកន្លងមក ដើម្បីបម្រើកិច្ចការប្រកបជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងសង្គម។

    សម្ដេចបានថាមិនតែប៉ុណ្ណោះ វឌ្ឍនភាពការងារអត្រានុកូលដ្ឋាននេះក៏បានបម្រើទៅដល់ការងារចុះឈ្មោះបោះឆ្នោត និងការងារផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋផងដែរ។

    សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណលោកស្រី Armida Salsiah Alisjahbana ចំពោះការប្ដេជ្ញាចិត្តជួយកម្ពុជាលើការងារនេះ។ សម្ដេចក៏បានជូនពរលោកស្រីឱ្យទទួលបានជោគជ័យក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ