• សហរដ្ឋអាមេរិកអះអាងថា ចិននឹងមានក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ «១,០០០គ្រាប់» នៅត្រឹមឆ្នាំ២០៣០

    (វ៉ាស៊ីនតោន)៖ មន្ទីរការពារជាតិអាមេរិកបញ្ចកោណ បានបញ្ចេញរបាយការណ៍ចុងក្រោយមួយ នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា ប្រទេសចិនកំពុងតែបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ យ៉ាងឆាប់រហ័សលើសពីការរំពឹងទុក ហើយវានឹងបន្ថយគម្លាតរវាងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

    បើតាមរបាយការណ៍ខាងលើនេះ ក្រុមជំនាញនៃយោធាអាមេរិករំពឹងថា ចិននឹងអាចមាន ក្បាលគ្រាប់នុយក្លេអ៊ែរដែលប្រើការបានចំនួន ៧០០គ្រាប់នៅក្នុងឃ្លាំងត្រឹមឆ្នាំ២០២៧ ហើយនឹងត្រូវបង្កើនរហូតដល់ចំនួន ១,០០០គ្រាប់នៅឆ្នាំ២០៣០។ ចំនួននេះគឺស្មើនឹង ២.៥ដង លើសពីអ្វីដែលមន្ទីរបញ្ចកោណ ធ្លាប់បានធ្វើការប៉ាន់ប្រមាណកាលពីមួយឆ្នាំមុន។

    មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានអះអាងទៀតថា បក្សកុម្មុយនិស្តចិនកំពុងតែបង្កើនការវិនិយោគ និងចំណាយ ទៅលើការកសាងមូលដ្ឋានលើដី សមុទ្រ និងអាកាស ដើម្បីអាចទ្រទ្រង់ការដឹកជញ្ជូន និងរក្សាទុកក្បាលគ្រាប់នុយក្លេអ៊ែរ ទាំងនៅក្នុងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ។ ការគណនាទាំងអស់នេះ ត្រូវបានដាក់បញ្ចូលទៅក្នុងរបាយការណ៍ប្រចាំឆ្នាំ នៃក្រសួងការពារជាតិទៅកាន់សភាអាមេរិករួចហើយ។

    គួរបញ្ជាក់ថា មិនខុសពីសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរធំៗ ទាំងពីរលើពិភពលោកនោះឡើយ, ប្រទេសចិនត្រូវបានអាមេរិកជឿជាក់ថា កំពុងកសាងមូលដ្ឋាននុយក្លេអ៊ែរត្រីមុខ ជាមួយនឹងសមត្ថភាពនៃការបាញ់បញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរពីលើដី តាមរយៈគ្រាប់មីស៊ីលបាលីស្ទីក, គ្រាប់មីស៊ីលបាញ់ចេញពីលើអាកាស និងគ្រាប់មីស៊ីលបាញ់ចេញពីនាវាមុជទឹក។

    កាលពីមួយឆ្នាំមុន, មន្ទីរបញ្ចកោណធ្លាប់បានគណនាថា ប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ២០០គ្រាប់ ហើយអាចនឹងបង្កើនទ្វេដងនៅឆ្នាំ២០៣០។ ភ្លាមៗបែបនេះ ទីក្រុងប៉េកាំងមិនទាន់បានធ្វើការឆ្លើយតបណាមួយ ចំពោះរបាយការណ៍ទីក្រុងវ៉ាស៊ីនតោនខាងលើនេះឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ