ខ្សែប្រយុទ្ធ Cristiano Ronaldo បានបន្ដជួយសង្គ្រោះតំណែងរបស់លោក Ole Gunnar Solskjaer ទៀតហើយ ដោយរកបាន២គ្រាប់ម្នាក់ឯងជួយ Man Utd ស្មើ Atalanta ២-២ ក្នុងពានរង្វាន់ UEFA Champions League ។
លេងនៅទឹកដីអ៊ីតាលី ក្រុម Atalanta ធ្វើបានល្អណាស់ដោយនាំមុខទៅលើក្រុម Man Utd បានមុននៅនាទី១២ ប៉ុន្តែក៏ត្រូវ Ronaldo តាមបានស្មើវិញនៅចុងម៉ោងនាទី៤៥+១។ ឈានដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបើកការនាំមុខសារជាថ្មីនៅនាទី៥៦ ដោយ Zapata ប៉ុន្តែក៏ត្រូវ Ronaldo ដដែលនេះ រកគ្រាប់បាល់តាមស្មើបានទៀតនៅនាទី៩០+១។ ដោយចប់ការប្រកួត Atalanta ២-២ Man Utd ។
ការរកបាន២គ្រាប់តាមស្មើនេះដែរ ត្រូវបានគេមើលឃើញថាលោក Ole ពិតជាសំណាងមែន ដែលមាន Ronaldo ក្នុងក្រុមនិងតែងតែរកគ្រាប់បាល់ជួយជានិច្ច។ ជាមួយលទ្ធផលស្មើនេះដែរ បិសាចក្រហមបន្ដឈរកំពូលតារាងមាន៧ពិន្ទុ ឆ្លងកាត់៤ប្រកួត។ ខណៈដែលក្រុមលេខ២ Villareal វិញមាន៧ពិន្ទុដែរ Atalanta មាន៥ពិន្ទុនៅលេខ៣៕