• ក្រុមហ៊ុនអាកាសចរណ៍ធំៗពីររបស់ជប៉ុន ព្យាករពីការខាតបង់សរុបជាង ២ប៊ីលានដុល្លារ

    (តូក្យូ)៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួនពីររបស់ប្រទេសជប៉ុន បានព្យាការពីការខាតបង់ប្រចាំឆ្នាំរបស់ខ្លួន ដោយទំហំនៃការខាតបង់សរុបទាំងពីរក្រុមហ៊ុនមានជាង ២ប៊ីលានដុល្លារ។ នេះបើយោងតាមកាសែត Nikkei Asia។

    កាសែត Nikkei Asia បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ ANA Holdings ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន All Nippon Airways បានព្យាករពីការខាតបង់ប្រតិបត្តិចំនួន ១០០ប៊ីលានយ៉េន (៨៨០លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២២ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេមួយនេះកំពុងត្រដាប់ត្រដួសងើបចេញពីវិបត្តិកូវីដ-១៩។

    ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines (JAL) ក៏បានព្យាករថានឹងខាតចំនួន ១៤៦ប៊ីលានយ៉េន (១,២៨ប៊ីលានដុល្លារ) ផងដែរសម្រាប់ឆ្នាំសារពើពន្ធដូចគ្នានេះ ហើយក្រុមហ៊ុន JAL ក៏កំពុងព្យាយាមចេញចេញពីវិបត្តិដែលបង្កឡើងដោយការរាតត្បាតជំងឺកូវីដ-១៩ដូចគ្នា។

    ក្រុមហ៊ុន ANA រំពឹងថា ក្រុមហ៊ុននឹងខាតបង់ពីរឆ្នាំជាប់គ្នា ហើយបើទោះជាក្រុមហ៊ុនមើលឃើញសញ្ញាស្ទុះងើបឡើងវិញនៃតម្រូវការធ្វើដំណើរក្នុងស្រុកក្តី ក៏ការហោះហើរអន្តរជាតិនៅមិនទាន់មានសញ្ញានោះឡើយ ខណៈជប៉ុននៅបិទព្រំដែននៅឡើយ។

    កាសែត Nikkei Asia បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Shinya Katanozaka អគ្គនាយករបស់ក្រុមហ៊ុន ANA ខណៈថ្លែងថា៖ «មានគម្លាតកាន់តែធំរវាងការព្យាករពីការស្ទុះងើបឡើងវិញ និងតម្រូវការជាក់ស្តែង។ ការស្ទុះងើបឡើងវិញមានការពន្យាពេលខ្លាំងដោយសារការរឹតបន្តឹងការធ្វើដំណើរពាក់ព័ន្ធនឹងវីរុសនេះ»។

    ក្រុមហ៊ុន JAL ក៏រំពឹងថានឹងខាតបង់ប្រតិបត្តិការពីរឆ្នាំជាប់គ្នាផងដែរ។ ក្រុមហ៊ុន JAL ក៏មិនខុសពីក្រុមហ៊ុនអាកាសចរណ៍ជប៉ុនផ្សេងទៀតផងដែរ ដោយក្រុមហ៊ុននេះបានរងគ្រោះដោយសារតម្រូវការធ្វើដំណើរក្នុងស្រុកទាបដោយសារការដាក់ប្រទេសក្នុងភាពអាសន្នច្រើនដង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ