(អាមេរិក)៖ អតីតអ្នកផ្ដល់ព័ត៌មាន និងជាបុគ្គលិកជាន់ខ្ពស់មួយរូបរបស់ Facebook បាននិយាយថា លោក Mark Zuckerberg គួរតែចុះចេញពី តំណែងនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Facebook ដោយទុកឱកាសឱ្យអ្នកថ្មីមកជំនួសវិញទើបវាប្រសើរជាង។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNBC នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅក្នុងវេទិកាសន្និសីទ Web Summit កាលពីថ្ងៃចន្ទម្សិលមិញនេះ លោកស្រី Frances Haugen បានថ្លែងថា ម្ចាស់ភាគហ៊ុនគួរតែ ជ្រើសរើស CEO ថ្មី និងរកមនុស្សដែលសាកសម្យ។ «ខ្ញុំគិតថា Facebook នឹងខ្លាំង (សុវត្ថិភាព) បើសិនជាមាននរណាម្នាក់មកកាន់កាប់វាដោយផ្តោតលើ សុវត្ថិភាពជាចម្បង»។ នេះជាអ្វីដែលលោកស្រីបានបញ្ជាក់។
អតីតអ្នកនាំពាក្យរបស់ Facebook រូបនេះបានបញ្ជាក់បន្ថែមទៀតថា លោក Mark Zuckerberg គឺមានភាគហ៊ុនច្រើននៅក្នុងក្រុមហ៊ុន Facebook ក៏ពិតមែន ប៉ុន្តែម្ចាស់ភាគហ៊ុនទាំងអស់ រួមនឹងក្រុមប្រឹក្សាភិបាលអាចធ្វើការបោះឆ្នោតទម្លាក់រូបលោកបាន ខណៈដែល មហាសេដ្ឋី វ័យក្មេងរូបនេះមិនបានបង្ហាញអំពីបំណងនៃការលាឈប់ពីតំណែង CEO នោះទេ។
លោកស្រី Frances Haugen គឺជាអតីតបុគ្គលិក Facebook ដែលបានលាតត្រដាងឯកសារផ្ទៃក្នុងរាប់ម៉ឺនទំព័រពីក្រុមហ៊ុន Facebook ទៅ កាន់ គណៈកម្មការមូលបត្រ និងកាសែត The Wall Street Journal ពាក់ព័ន្ធនឹងសុវត្ថិភាព ហើយគាត់បានអះអាងនៅចំពោះអ្នកកាសែតថា ការសម្រេចចិត្តធ្វើឱ្យបែកធ្លាយឯកសារផ្ទៃក្នុងនេះគឺដោយសារតែលោកស្រីយកចិត្តទុកដាក់ និងជឿជាក់ថា Facebook នឹងអាចផ្លាស់ប្ដូរ បាន ទៅជា ក្រុមហ៊ុនមួយដែលមានសុវត្ថិភាពខ្ពស់។
លោកស្រី Frances Haugen បានបញ្ជាក់ថា គាត់មិនដែលគិតថា លោក Mark Zuckerberg គឺជាមនុស្សអាក្រក់ក្នុងការបង្កើតកំហុសដ៏ធំនេះទេ ប៉ុន្តែវាមិនអាចទទួលយកបាននៅពេលដែលឃើញក្រុមហ៊ុនយក្សមួយមានភាពទន់ខ្សោយ និងបានធ្វើរឿងដែលអសមត្ថភាពបែបនេះ។
គួរបញ្ជាក់ផងដែរថា លោកស្រី Frances Haugen បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Facebook អំឡុងឆ្នាំ២០១៩ និងមានតួនាទីច្រើន ហើយកាលពីខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ លោកស្រីបានលាឈប់ពី Facebook ព្រមទាំងបានទម្លាយនូវឯកសារផ្ទៃក្នុងមួយចំនួន ទៅកាន់កាសែត The Wall Street Journal ដោយក្នុងនោះបានបង្ហាញឱ្យដឹងថា Facebook មានចំណុចខ្សោយជាច្រើនទៅលើប្រព័ន្ធសុវត្ថិភាព និងជាពិសេសគឺបានបំពុល និងបំពាក់ទឹកចិត្តដល់យុវជន និងយុវវ័យ៕