ថៃ៖ កាសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា ប្រទេសថៃបានទទួលអ្នកដំណើរមកពីបរទេសជាង ៦,៦០០ នាក់កាលពីថ្ងៃចន្ទ ទី១ ខែវិច្ឆិកាម្សិលមិញនេះដែលជាថ្ងៃដំបូងនៃការបើកប្រទេសឡើងវិញរបស់ថៃ។ បើតាមលោក Kittipong Kittikachorn ដែលជាប្រធានគ្រប់គ្រងទូទៅនៅក្នុងប្រលានយន្តហោះសុវណ្ណភូមិបានឲ្យដឹងថា ម្សិលមិញនេះមានជើងហោះហើរចំនួន ៦១ បានចុះចតក្នុងប្រលានយន្តហោះសុវណ្ណភូមិដោយមានអ្នកដំណើរសរុបចំនួន ៣,០០០ នាក់ ខណៈប្រលានយន្តហោះអន្តរជាតិផ្សេងៗទៀតបានទទួលអ្នកដំណើរសរុបចំនួន ៣,៦១៣ នាក់ផងដែរ។ ក្នុងចំណោមអ្នកដំណើរទាំងអស់នោះគឺមានអ្នកដំណើរចំនួន ២,៣០០នាក់គឺជាពលរដ្ឋថៃដែលត្រូវធ្វើដំណើរត្រលប់មកទឹកដីកំណើតវិញ ខណៈក្រៅពីនេះគឺជាអ្នកដំណើរអន្តជាតិ ដែលត្រូវមកធ្វើធុរៈកិច្ចនិងដើរកំសាន្តនៅក្នុងប្រទេសថៃ។
លោក Kittipong Kittikachorn បានបន្តថា ក្នុងថ្ងៃបើកប្រទេសដំបូងហើយថៃអាចទទួលបានអ្នកដំណើរដ៏ច្រើនដូចនេះវាគឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍ថៃ ហើយលោកពិតជាពេញចិត្តជាមួយនឹងលទ្ធផលនេះខ្លាំងណាស់។ លោកបានបន្តទៀតថា តាមការព្យាករណ៍នៅក្នុងខែវិច្ឆិកានេះគឺគេរំពឹងនឹងទទួលបានជើងហោះចំនួន ៣,២៦០ មកកាន់ប្រលានយន្តហោះសុវណ្ណភូមិដោយមានអ្នកដំណើរចំនួន ១៣៥,៤០៧ នាក់ ខណៈប្រលានយន្តអន្តរជាតិផ្សេងៗទៀតនៅត្រូវគេរំពឹងថា នឹងទទួលបានជើងហោះហើរចំនួន ៣,២១៤ ដោយនាំយកអ្នកដំណើរចំនួន ១៣៥,១២២ នាក់មកកាន់ទឹកដីនៃប្រទេសថៃផងដែរ៕