• Messi ចង់ត្រឡប់ទៅ Barcelona វិញ ក្នុងនាមជាអគ្គលេខាធិការបច្ចេកទេស ពេលចូលនិវត្តន៍

    (ប៉ារីស)៖ កីឡាករ Lionel Messi ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain បានអះអាងថា គាត់មានឆន្ទៈចង់ត្រឡប់ទៅកាន់ក្លិប FC Barcelona វិញ ក្នុងនាមជាអគ្គលេខាធិការបច្ចេកទេស បន្ទាប់ពីព្យួរស្បែកជើង។ នេះបើតាមការផ្សាយដោយ Marca នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

    ទន្ទឹមនឹងការបញ្ជាក់ពីបំណងក្នុងការធ្វើជាផ្នែកនៃអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្លិបនាពេលអនាគត តារាឆ្នើមសញ្ជាតិអាហ្សង់ទីន ក៏បានរំលឹកឡើងវិញនូវក្តីស្រឡាញ់របស់គាត់ចំពោះក្រុម Blaugrana ត្រឹមតែប៉ុន្មានខែ បន្ទាប់ពីការចែកផ្លូវជាមួយក្រុមនេះ។

    Messi បានបញ្ជាក់យ៉ាងដូច្នេះថា «បាទ! ខ្ញុំតែងតែនិយាយបែបនេះថា ខ្ញុំចង់ត្រឡប់ទៅកាន់ក្លិបចាស់វិញតាមវិធីណាក៏បាន។ ខ្ញុំចង់ក្លាយជាមនុស្ស ដែលមានប្រយោជន៍សម្រាប់ក្លិប និងអាចជួយក្លិបឲ្យមានការរីកចម្រើន។ ខ្ញុំចង់ក្លាយជាអគ្គលេខាធិការបច្ចេកទេស ប៉ុន្តែមិនដឹងថាបានធ្វើនៅ Barcelona ឬអត់»។

    Messi បន្តថា «ខ្ញុំចង់ត្រឡប់ទៅក្លិបវិញ ដើម្បីចែករំលែកអ្វីដែលខ្ញុំអាចធ្វើបាន ព្រោះខ្ញុំស្រឡាញ់ [Barcelona] ហើយខ្ញុំចង់ឃើញក្លិបបន្តការរីកចម្រើន ក្នុងចំណោមក្លិបធំៗលើលោក»។

    សូមជម្រាបថា តាំងពីបើកទ្វារចូលលេងនៅលីគកំពូលបារាំង Lionel Messi បរាជ័យក្នុងការរកគ្រាប់បាល់ ប៉ុន្តែការបង្ហាញខ្លួននៅ UEFA Champions League វិញ គឺគាត់រកគ្រាប់បាល់បាន ៣គ្រាប់ពីការប្រកួត ៣លើក។ ស្របពេលជាមួយគ្នានេះដែរ វាមិនមែនជាលើកទី១ទេ ដែលអតីតប្រធានក្រុមនៅលីគកំពូលអេស្ប៉ាញ ត្រូវបានប្តូរចេញតាំងពីចុះហត្ថលេខាឲ្យ PSG ក្រោមការដឹកនាំរបស់លោក Mauricio Pochettino ដោយសារខ្លាចតារាឆ្នើមរូបនេះជួបបញ្ហារបួសធ្ងន់ធ្ងរ។

    ទោះបីជា Messi រកមិនទាន់បានសូម្បី ១គ្រាប់នៅលីគកំពូលបារាំងពីការចូលលេងបាន ៥ដងក៏ដោយ ក៏ក្លិបអ្នកមានបារាំងនៅតែឈរលេខ១ លើតារាងបណ្តោះអាសន្នរបស់ Ligue 1 ជាមួយការក្តាប់បាន ៣១ពិន្ទុនៅក្នុងដៃ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ