• កម្ពុជា ទទួលបានទូទឹកកកពិសេសសម្រាប់ទុកវ៉ាក់សាំង ចំនួន៩គ្រឿងពីយន្ដការ Covax, ទូនេះអាចរក្សាសីតុណ្ហភាពពី -៨០ ទៅ -២០អង្សា និងផ្ទុកវ៉ាក់សាំងបានជាង២លានដូស

    (ភ្នំពេញ)៖ តាមរយៈអង្គការ UNICEF នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល ទទួលបាននូវទូទឹកកកពិសេសចំនួន៩គ្រឿង ដែលមានសីតុណ្ហភាពពី -៨០ ទៅ -២០អង្សា ពីយន្ដការ Covax ដើម្បីសម្រាប់ទុកវ៉ាក់សាំងដែលត្រូវការសីតុណ្ហភាពទាបជាងពេលបច្ចុប្បន្ន ដែលកម្ពុជាកំពុងមាន។

    ពិធីប្រគល់ និងទទួលនៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ធ្វើឡើងដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស និងលោកស្រី ហ្វ័ររូ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា។

    ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ប្រព័ន្ធត្រជាក់នេះនឹងចូលរួមចំណែកដល់ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ខណៈនៅពេលខាងមុខនេះ កម្ពុជាអាចនឹងមានវ៉ាក់សាំងផ្សេងៗទៀត ដែលតម្រូវឲ្យមានការថែរក្សាទុកដាក់ ចន្លោះពី -៨០ ទៅ -២០អង្សា។

    បើតាមលោកស្រី ឱ វណ្ណឌីន ការទទួលបាននូវប្រព័ន្ធត្រជាក់នេះ គឺប្រៀបដូចការត្រៀមលក្ខណៈជាមុនរបស់កម្ពុជា ដែលប្រព័ន្ធត្រជាក់នេះជាអត្ថប្រយោជន៍មួយបន្ថែមទៀតសម្រាប់កម្ពុជា។

    លោកស្រីប្រធានគណៈកម្មការចំពោះកិច្ច បានគូសបញ្ជាក់ថា កន្លងទៅតែងតែមានការចោទសួរថា ហេតុអ្វីដែលកម្ពុជាមិនគិតគូរទទួលយកនូវវ៉ាក់សាំងដែលរក្សាទុកនៅសីតុណ្ហភាពទាបបំផុត។ ជាការឆ្លើយតបលោកស្រីបានលើកឡើងថា កន្លងមកដោយសារតែកម្ពុជា មិនទាន់មានប្រព័ន្ធត្រជាក់ដូច្នេះហើយ បានកម្ពុជាប្រើប្រាស់នូវវ៉ាក់សាំងដែលនៅសីតុណ្ហភាព ត្រឹម២ ទៅ៨អង្សា។

    ជាមួយគ្នានេះ លោកស្រី ហ្វ័ររូ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា បានឲ្យដឹងថា តាមរយៈទូត្រជាក់នេះនឹងជួយពង្រឹងដល់ដំណើរការចាក់វ៉ាក់សាំងនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈបច្ចុប្បន្នកម្ពុជា សម្រេចបានលទ្ធផលយ៉ាងល្អក្នុងដំណើរការចាក់វ៉ាក់សាំងនេះ។

    លោកស្រីបន្ថែមទៀតថា ទូត្រជាក់ចំនួន៩គ្រឿង ដែលបានផ្ដល់ជូនក្រសួងសុខាភិបាលនៅពេលនេះ អាចមានសមត្ថភាពរក្សាទុកនូវវ៉ាក់សាំង បានចំនួន២.៤លានដូស។ ទូត្រជាក់នេះ អាចផ្ទុកនូវវ៉ាក់សាំងប្រភេទ Pfizer និង Moderna ជាដើម។

    តំណាងអង្គការយូនីសេហ្វនៅកម្ពុជារូបនេះ បានបង្ហាញនូវមោទនភាពក្នុងការធ្វើការរួមគ្នាជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ហើយក៏សម្ដែងនូវការអបអរសាទរដល់កម្ពុជា ដែលសម្រេចបាននូវគោលដៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមុនផែនការដែលបានកំណត់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ