រថយន្ដ Mercedes ស៊េរីទំនើបមួយគ្រឿង ដែលពាក់ស្លាកលេខនគរបាលក្លែងក្លាយ និងដាក់ LOGO ប៉ូលីសថែមទៀតនោះ ត្រូវបាននាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
រថយន្តខាងលើ ពាក់ស្លាកលេខក្លែងក្លាយ ន.ប 2-1449។ មិនតែប៉ុណ្ណោះ រថយន្តដ៏ទំនើបមួយនេះបានបំពាក់សារ៉ែន ហើយដាក់ឡូហ្គោ ប៉ូលីស ថែមទៀតផង។ រថយន្ត Mercedes ដែលពាក់ស្លាកលេខនគរបាលក្លែងក្លាយនេះ ត្រូវបានគេប្រទះឃើញចត នៅមុខអាគារអូឡាំព្យា ក្នុងខណ្ឌ៧មករា នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ផ្ទាល់តែម្តង។
នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា “ក្រោយពីទទួលបានព័ត៌មាន ខ្ញុំបានបញ្ជាឲ្យសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាប់វិធានការតាមផ្លូវច្បាប់”៕