ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក នឹងជួយការពារកោះតៃវ៉ាន់ ប្រសិនបើចិន ប្រើកម្លាំងយោធាវាយប្រហារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
លោក Biden បានថ្លែងបញ្ជាក់ច្បាស់ៗថា “ចិន និង រុស្សី ហើយប្រទេសផ្សេងទៀតនៅលើពិភពលោក ដឹងច្បាស់ហើយថា អាមេរិក មានកម្លាំងយោធាដ៏ខ្លាំងក្លានិងមានឥទ្ធិពលជាងគេ នៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក។ ហើយប្រសិនបើចិន ហ៊ានប្រើកម្លាំងយោធា វាយប្រហារកោះតៃវ៉ាន់ អាមេរិក នឹងជួយការពារតៃវ៉ាន់” ។
ស្ថានភាពកំពុងឡើងកម្តៅកាន់តែខ្លាំងឡើង ក្រោយយន្តហោះចម្បាំងរបស់ចិន បានហោះចូលដែនអាកាសរបស់តៃវ៉ាន់។ ប្រធានាធិបតីចិន លោក Xi ចង់បង្រួបបង្រួមចិននិងតៃវ៉ាន់ ឱ្យក្លាយជាប្រទេសតែ១ ដោយកន្លងមកធ្លាប់បានដាក់ចេញគោលនយោបាយ ប្រទេស១ ប្រព័ន្ធដឹកនាំ២ ថែមទៀតផង៕