• លោក ដូណាល់ ត្រាំ ត្រៀមដាក់ឲ្យដំណើរការ បណ្តាញសង្គមផ្ទាល់ខ្លួនឈ្មោះ «TRUTH Social» ឬ «សង្គមពិត»

    (ផ្ល័ររីដា)៖ អតីតប្រធានាអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃពុធ សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ថា បណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកមានឈ្មោះថា «TRUTH Social» ឬអាចហៅយ៉ាងខ្លីថា «សង្គមពិត» នឹងត្រូវដាក់ឲ្យដំណើរការនៅពេលឆាប់ៗខាងមុខ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអាមេរិក The Hill នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១។

    នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានបង្កើត TRUTH Social និង TMTG ដើម្បីក្រោកឈរឡើងប្រឆាំងនឹងអំណាចផ្តាច់មុខ របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ (Facebook, Google, Twitter, Apple និង Amazon ជាដើម)។ យើងរស់នៅក្នុងពិភពលោក ដែលតាលីបង់មានវត្តមានយ៉ាងច្រើននៅលើបណ្តាញសង្គម Twitter ប៉ុន្តែប្រធានាធិបតីអាមេរិកដែលអ្នកចូលចិត្ត ត្រូវបានបំបិទមាត់។ នេះជារឿងដែលមិនអាចទទួលយកបានទេ…»។

    លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់បន្ថែមទៀតថា «ខ្ញុំពិតជារំភើបក្នុងការផ្ញើការពិតដំបូងរបស់ខ្ញុំ នៅលើបណ្តាញសង្គម TRUTH Social ក្នុងពេលឆាប់ៗនេះ។ TMTG (Trump Media & Technology Group ឬ ក្រុមហ៊ុនបច្ចេកវិទ្យា និងបណ្តាញសង្គម ត្រាំ) ត្រូវបានបង្កើតឡើង ដោយស្ថិតក្នុងបេសកកម្មផ្តល់សំឡេងដល់អ្នកទាំងអស់គ្នា។ មនុស្សគ្រប់គ្នាសួរខ្ញុំថា ហេតុអ្វីបានជាមិនមាននរណាម្នាក់ ងើបឈរតតាំងនឹងក្រុមហ៊ុនធំៗទាំងនោះ? អ៊ីចឹង, យើងនឹងធ្វើវាឆាប់ៗនេះ!»។

    គួរបញ្ជាក់ថា ទាំងគណនី Facebook, YouTube និង Twitter របស់លោក ដូណាល់ ត្រាំ ត្រូវបានបិទខ្ទប់អស់រលីងតែម្តង នៅក្រោយបាតុកម្មលុកលុយវិមានកាពីតូល កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១ ដែលត្រូវបានគេស្តីបន្ទោសលោកចំៗថា ជាអ្នកបង្ហោះសារដុតកំហឹងបាតុករទាំងនោះ ដើម្បីប្រព្រឹទ្ធទង្វើនាំឲ្យសហរដ្ឋអាមេរិក អាប់មុខមាត់យ៉ាងដំណំនៅលើឆាកអន្តរជាតិ។ សំឡេងរបស់លោក ដូណាល់ ត្រាំ ដែលបានបញ្ចេញទៅសាធារណជនកន្លងមកនេះ គឺមានតែតាមរយៈបណ្តាញសារព័ត៌មាន និងសេចក្តីថ្លែងការណ៍ ចេញពីការិយាល័យផ្លូវការរបស់លោកតែប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ