• ផ្លូវរថភ្លើងល្បឿនលឿនចិន-ឡាវ ក្រោមកិច្ចផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ នឹងចាប់ផ្តើមធ្វើប្រតិបត្តិការនៅចុងឆ្នាំនេះ

    (វៀងច័ន្ទ)៖ ប្រទេសឡាវនឹងមិនដូចពីមុនឡើយ នៅខែធ្នូ ឆ្នាំ២០២១នេះ ជាពេលផ្លូវរថភ្លើងល្បឿនលឿន ដែលតភ្ជាប់រវាងចិននិងឡាវ ក្រោមកិច្ចផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ត្រូវចាប់ផ្តើមធ្វើប្រតិបត្តិការជាផ្លូវការ ចេញពីខេត្តយូនណាន ទៅកាន់ទីក្រុងវៀងច័ន្ទ។

    ផ្លូវរថភ្លើងលឿនលឿនខាងលើ ប្រវែងសរុបជាង១,០០០គីឡូម៉ែត្រ ហើយគម្រោងតម្លៃ៦ពាន់លានដុល្លារនេះ នឹងជួយឡាវកែប្រែមុខមាត់ទៅជា ប្រទេសមួយដែលចាប់ផ្តើមមានការតភ្ជាប់យ៉ាងទូលំទូលាយ។ កិច្ចព្រមព្រៀងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចិន-ឡាវ ត្រូវសម្រេចបាន រវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០១៥ ហើយដំណើរការសាងសង់បានចាប់ផ្តើម នៅខែធ្នូ ឆ្នាំ២០១៦។

    រយៈពេលជិត៥ឆ្នាំមកនេះ ក្រុមវិស្វករចិនបានសាងសង់ រូងក្រោមដីចំនួន៧៥កន្លែង ស្ពានចំនួន១៦៥ខ្សែ និងស្ថានីយចំនួន២០ ដើម្បីបង្កើតបណ្តាញផ្លូវរថភ្លើងល្បឿនលឿននេះ។ កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ រថភ្លើងសម្រាប់ប្រើប្រាស់លើផ្លូវរថភ្លើងខាងលើ ទើបតែបានមកដល់ស្ថានីយទីក្រុងវៀងច័ន្ទ សម្រាប់ត្រៀមធ្វើប្រតិបត្តិការសាកល្បង។

    ក្នុងពិធីប្រគល់និងទទួលរថភ្លើងនោះ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវ លោក ជាំង សៃទុង បាននិយាយថា បន្ទាប់ពីផ្លូវរថភ្លើងចិន-ឡាវ ត្រូវសម្ពាធដាក់ឲ្យដំណើរការហើយនោះ ពេលវេលាធ្វើដំណើរពីទីក្រុងវៀងច័ន្ទ ទៅកាន់ព្រំប្រទល់ចិន-ឡាវ នឹងត្រូវកាត់បន្ថយពី២ថ្ងៃ មកនៅត្រឹម៣ម៉ោងប៉ុណ្ណោះ ហើយបើទៅដល់ទីក្រុងឃុនមីង នៃខេត្តយូនណាន ភាគខាងត្បូងចិន គឺចំណាយពេលត្រឹមមួយយប់។

    ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន បានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសឡាវ នឹងទទួលបានភាពរីកចម្រើនបន្ថែម ខណៈដែលផ្លូវរថភ្លើងល្បឿនលឿន នឹងនាំយកភ្ញៀវទេសចរ ព្រមទាំងធុរជនចិន ចូលមកកាន់ប្រទេសអាស៊ានមួយនេះ, ជួយសម្របសម្រួលឲ្យការធ្វើពាណិជ្ជកម្ម ឲ្យកាន់តែលឿននិងទូលំទូលាយ ហើយជាលទ្ធផលវនឹងពង្រឹងការតភ្ជាប់ ក៏ដូចជាការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ COVID-19 របស់ឡាវ។

    គួរបញ្ជាក់ថា ប្រសិនបើអ្វីៗប្រព្រឹត្តទៅមុខរលូនតាមផែនការ ផ្លូវរថភ្លើងល្បឿនលឿនខាងលើ អាចនឹងបន្តចេញពីទីក្រុងវៀងច័ន្ទ ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់ខេត្តណងកៃនៃប្រទេសថៃ ហើយបន្ទាប់មកទីបំផុត វាអាចនឹងទៅដល់សិង្ហបុរីថែមទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ