• ADB ផ្តល់ហិរញ្ញប្បទាន៣០លានដុល្លារ ជួយពង្រឹងប្រព័ន្ធសុខាភិបាល ឆ្លើយតបនឹងជំងឺកូវីដ១៩ របស់កម្ពុជា

    (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសពីការអនុម័តហិរញ្ញប្បទានចំនួន៣០លានដុល្លារ ដើម្បីជួយពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ខណៈពេលមានការកើនឡើងនៃការឆ្លងថ្មី និងករណីក្នុងសហគមន៍នៃជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មានទទួលបាន។

    ធនាគារ ADB បានបញ្ជាក់ថា ជំនួយនេះរួមមានប្រាក់កម្ចី២៥លានដុល្លារ ជាហិរញ្ញប្បទានបន្ថែមសម្រាប់គម្រោងសន្តិសុខ សុខភាពមហាអនុតំបន់មេគង្គ (GMS) ។ វានឹងជំរុញសេវាកម្មមន្ទីរពិសោធន៍ និងការត្រួតពិនិត្យ ការការពារការឆ្លងមេរោគនៅមន្ទីរពេទ្យបង្អែកខេត្តនិងស្រុកចំនួន៨១ នៅទូទាំងប្រទេស។ វានឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធឃ្លាំមើលនិងឆ្លើយតបជំងឺ ការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងការតាមប្រភពចម្លងជំងឺនៅតាមភ្នាក់ងារសុខាភិបាលមជ្ឈិម ខេត្ត និងស្រុក។

    ធនាគារអភិវឌ្ឍន៍អាស៊ីក៏នឹងផ្តល់ជំនួយឥតសំណងចំនួន ៥ លានដុល្លារពីមូលនិធិជប៉ុនសម្រាប់ ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction) របស់រដ្ឋាភិបាលជប៉ុន ដើម្បីកែលម្អ សេវាថែទាំបន្ទាន់នៅមន្ទីរពេទ្យខេត្តចំនួន១៤ ។ វារួមបញ្ចូលទាំងការផ្តល់ថវិកាសម្រាប់ឧបករណ៍ថ្មី ដូចជា រថយន្តសង្គ្រោះបន្ទាន់ បំពុងផលិតអុកស៊ីសែន និងឧបករណ៍ព្យាបាលដោយប្រើអុកស៊ីសែន ព្រមទាំងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល ក្នុងការថែទាំព្យាបាលជំងឺកូវីដ១៩ ។

    លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គម របស់ ADB បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា «ជំងឺរាតត្បាតកូវីដ១៩ កំពុងដាក់សម្ពាធយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចកម្ពុជា និងគំរាមកំហែងកិច្ចខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមនុស្ស ។ គម្រោងនេះនឹងពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ ដើម្បីការពារ កំណត់មុខសញ្ញានិងឆ្លើយតបទៅនឹងកូវីដ១៩ ក៏ដូចជាការគំរាមកំហែងសុខភាពសាធារណៈផ្សេងៗ ដែលកំពុងកើតមាន កាត់បន្ថយផលប៉ះពាល់លើសុខភាពនិងសង្គម និង រួមចំណែកដោយប្រយោលក្នុងការកាត់បន្ថយភាពក្រីក្រ»។

    កម្ពុជាអាចគ្រប់គ្រងករណីឆ្លងជំងឺកូវីដ១៩ ឱ្យនៅកម្រិតទាបក្នុងឆ្នាំ ២០២០ ប៉ុន្តែស្ថានការណ៍មានសភាពធ្ងន់ធ្ងរ ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២១មក ។

    ដោយសារការគំរាមកំហែង ដែលបង្កឡើងដោយការបំប្លែងខ្លួនថ្មីនៃមេរោគកូវីដ១៩ ដែលអាចឆ្លងរាលដាលលឿន ការគាំទ្រពីគម្រោងនេះ ដើម្បីពង្រឹងការឃ្លាំមើល ការឆ្លើយតបការផ្ទុះឡើង និងការផ្តល់ សេវាសុខភាព គឺទាន់ពេលវេលា។ គម្រោងនេះនឹងដោះស្រាយបញ្ហាសង្គម ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាត ដូចជាការបណ្តុះបណ្តាលបុគ្គលិកមន្ទីរពេទ្យ ដើម្បីកំណត់អត្តសញ្ញាណ និង គាំទ្រដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយអំពើហិង្សាយេនឌ័រ និងបញ្ហាសុខភាពផ្លូវចិត្ត។

    គម្រោងនេះអនុវត្តតាម យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស របស់ធនាគារអភិវឌ្ឍន៍អាស៊ី ឆ្នាំ ២០១៩-២០២៣ សម្រាប់ប្រទេសកម្ពុជា ដែលផ្តល់អាទិភាពដល់ការពង្រឹងធនធានមនុស្ស។ វានឹងរួម ចំណែកដល់គោលដៅរួម របស់បណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដើម្បីធ្វើឱ្យប្រសើរឡើងនូវ ការឆ្លើយតបរបស់ប្រទេសទាំងនោះទៅនឹងការគំរាមកំហែងសុខភាពសាធារណៈធ្ងន់ធ្ងរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច B[email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ