• TikTok ចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ផ្សព្វផ្សាយចំណេះដឹងកូវីដ ១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជោគជ័យ

    TikTok ជាបណ្ដាញសង្គមផ្ដោតលើវីដេអូឃ្លីបខ្លីៗឈានមុខគេ ជាមួយបេសកកម្មជំរុញឱ្យមានការច្នៃបង្កើត និងបង្កភាពសប្បាយរីករាយ នឹងចូលរួមយុទ្ធនាការរបស់ក្រសួងសុខាភិបាល និងក្រសួងព័ត៌មានរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកទឹកចិត្ដពលរដ្ឋកម្ពុជាបន្ដការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ ១៩ តាមរយៈក្រុមអ្នកបង្កើត TikTok បើទោះបីជាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលនៅទូទាំងប្រទេសមានអត្រាខ្ពស់យ៉ាងណាក៏ដោយ។

    យុទ្ធនាការនេះក៏មានបំណងដោះស្រាយរាល់ការយល់ច្រឡំជុំវិញបញ្ហាវីរុសរាតត្បាតសកល។ ក្រុមអ្នកបង្កើតកម្មវិធីលើ TikTok ដែលកំពុងចូលរួមចំណែកក្នុងយុទ្ធនាការនេះ រួមមាន We-Pharm វេជ្ជបណ្ឌិត មនោរ័ត្ន វេជ្ជបណ្ឌិត អុីត ម៉ូលីកា និងវេជ្ជបណ្ឌិត ស៊ីម ផល្លី។

    TikTok ក៏ទទួលបាននូវអ្នកគាំទ្រចម្រុះកាន់តែច្រើននៅកម្ពុជា។ ទាំងនេះគឺជាហេតុផលដែលក្រសួងទាំងពីរមានផែនការបង្កើតយុទ្ធនាការអប់រំដោយប្រើប្រាស់តំណរភ្ជាប់សញ្ញា #KhmerVacc។ យុទ្ធនាការនេះក៏មានបំណងក្រើនរំឭកដល់ពលរដ្ឋកម្ពុជាឱ្យនៅតែមានការប្រុងប្រយ័ត្ន និងអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ដែលដាក់ចេញដោយក្រសួងសុខាភិបាលកម្ពុជា។

    យុទ្ធនាការទប់ស្កាត់ជំងឺឆ្លងសកលនេះ ក៏មានការបញ្ចូលបដាផ្សព្វផ្សាយ និងទំព័រវេបសាយក្នុងស្រុក ដែលនឹងផ្ដល់ព័ត៌មានពិតអំពីការវ៉ាក់សាំង និងសកម្មភាពក្រោយចាក់វ៉ាក់សាំងដោយបង្ហាញផ្លូវអ្នកប្រើប្រាស់ចូលទៅរកប្រភពព័ត៌មានផ្លូវការផ្ទាល់ ដូចជា វេបសាយព័ត៌មានអ្នកចាក់វ៉ាក់សាំងកូវីដ ១៩ www.search.vaccine.gov.kh ព័ត៌មានស្ដីពីកាតវ៉ាក់សាំងរបស់ក្រសួងការពារជាតិ cv19.mod.gov.kh និងព័ត៌មានពីក្រសួងសុខាភិបាល www.moh.gov.kh។

    អ្នកនាំពាក្យ TikTok លោក Kyu Kyu Thein ជាប្រធានគ្រប់គ្រងគោលនយោបាយសាធារណៈ បាននិយាយថា៖ «ក្នុងនាម TikTok យើងមានក្ដីសោមនស្សរីករាយដែលបានរួមចំណែកចូលរួមជាមួយក្រុមអ្នកគាំទ្រ TikTok ដែលកំពុងតែមានចំនួនកើនឡើងខ្លាំង ក្នុងបេសកកម្មដ៏ថ្លៃថ្លាសម្រាប់ប្រទេសជាតិ និងសហគមន៍»។ អ្នកនាំពាក្យរូបនេះ បានបន្ដថា៖ «TikTok បានប្ដេជ្ញាចិត្ដប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួនក្នុងការបញ្ជ្រាបព័ត៌មានស្ដីពីការអប់រំ វិធានការសុវត្ថិភាព និងឱកាសជំនួញអនឡាញទៅដល់មហាជនកាន់តែទូលំទូលាយ»។

    យុទ្ធនាការរួមគ្នារវាង TikTok និងរាជរដ្ឋាភិបាលកម្ពុជាត្រូវបានបង្កើតឡើងបំណងកាត់ផ្ដាច់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដោយលើកទឹកចិត្ដប្រជាជនកម្ពុជាស្វែងរកនិងផ្ទៀងផ្ទាត់ពត៌មានពិតតាមរយៈការប្រើប្រាស់ប្រភពព័ត៌មានដ៏គួរឱ្យជឿទុកចិត្ដ ដូចជា វេបសាយរបស់អង្គការសុខភាពពិភពលោក www.who.int និងវេបសាយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់រាជរដ្ឋាភិបាលកម្ពុជា www.cdcmoh.gov.kh ក៏ដូចជាការរាយការណ៍នូវអ្វីដែលអ្នកប្រើប្រាស់យល់ថា វាអាចបំពាននឹងគោលការណ៍ណែនាំសហគមន៍របស់ TikTok។

    ជាមួយយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយភាពជោគជ័យរបស់កម្ពុជា អ្នកបង្កើតកម្មវិធីលើ TikTok ល្បីៗមួយចំនួនមកពីវិស័យវេជ្ជសាស្ដ្រ បន្ដទទូចក្រុមអ្នកគាំទ្ររបស់ខ្លួនឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ បើទោះបីជាពលរដ្ឋភាគច្រើនបានទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ រួចរាល់យ៉ាងណាក៏ដោយ។

    ក្រុមអ្នកបង្កើតកម្មវិធីលើ TikTok ក្រុមអ្នកជំនាញវេជ្ជសាស្រ្តអប់រំសុខភាព We-Pharm បានផលិតវីដេអូមួយអបអរសាទររាជរដ្ឋាភិបាលលើវីដេអូយុទ្ធនាការដ៏ជោគជ័យនេះ។ We-Pharm បានសរសេរសារថា៖ «ក្នុងនាម We-Pharm យើងចូលរួមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងប្រទេសជោគជ័យបន្ដបន្ទាប់។ ថ្ងៃនេះ ដោយបានចូលរួមយុទ្ធនាការជាមួយរាជរដ្ឋាភិបាល យើងទទូចដល់លោកអ្នកឱ្យនៅតែបន្ដប្រុងប្រយ័ត្នខ្ពស់ ទោះទទួលបានការចាក់វ៉ាក់សាំងរួចរាល់យ៉ាងណាក៏ដោយ»។

    អ្នកបង្កើតកម្មវិធីលើ TikTok ដ៏មានប្រជាប្រិយម្នាក់ទៀត វេជ្ជបណ្ឌិត អ៊ីត ម៉ូលីកា មកពីផ្នែកវេជ្ជសាស្ដ្រ បានឱ្យដឹងថា៖ «អ្នកជំងឺរបស់ខ្ញុំមកជួបខ្ញុំដោយសារពួកគេចង់បានភាពស្រស់ស្អាត ហើយភាពស្រស់ស្អាតនេះទៀតសោតក៏មានន័យថា មានអារម្មណ៍ស្រស់ស្រាយផងដែរ។ ដូច្នេះ ចូរគិតពីខ្លួនឯង និងគិតពីអ្នកដទៃ ថ្វីដ្បិតតែពេលនេះ យើងបានចាក់វ៉ាក់សាំងរួចក៏ដោយ។ បន្ដប្រុងប្រយ័ត្ន រក្សាសុវត្ថិភាព និងអនុវត្ដវិធានការ ៣កុំ ៣ការពារ»។

    វេជ្ជបណ្ឌិត មនោរ័ត្ន និងវេជ្ជបណ្ឌិត ស៊ីម ផល្លី បានចែករំលែកសារស្រដៀងគ្នាទៅកាន់អ្នកគាំទ្ររបស់ពួកគាត់ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ