• កាតា នឹងចាប់ផ្តើមព្រឹត្តិការណ៍ F1 ជាលើកដំបូងនៅខែវិច្ឆិកា ជាមួយនឹងកិច្ចសន្យា ១០ឆ្នាំចាប់ពីឆ្នាំ២០២៣

    (ដូហា)៖ ប្រទេសកាតា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One Grand Prix នៅខែវិច្ឆិកាខាងមុខ ជំនួសឲ្យព្រឹត្តិការណ៍ Grand Prix នៅអូស្ត្រាលី ដែលត្រូវបានលុបចោល។ នេះបើតាមការប្រកាសពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។

    ការប្រណាំងនេះ នឹងធ្វើឡើងនៅទីលាន Losail International Circuit ភាគខាងជើងទីក្រុង Doha នៅថ្ងៃទី២១ ខែវិច្ឆិកា ខណៈដែលវានឹងត្រូវបានបន្ត ដោយការប្រណាំងនៅអារ៉ាប៊ីសាអូឌីត និងព្រឹត្តិការណ៍ Abu Dhabi Grand Prix ដែលជាការប្រកួតបិទបញ្ចប់រដូវកាល។

    ប្រទេសកាតា ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ១០ឆ្នាំផងដែរ ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតប្រណាំងរថយន្ត Formula One ចាប់ពីឆ្នាំ២០២៣ តទៅនោះ។

    គួរជម្រាបថា ព្រឹត្តិការណ៍ Grand Prix នៅអូស្ត្រាលី ដែលពីដើមឡើយ ជាការប្រកួតបើករដូវកាល ត្រូវបានប្តូរទៅប្រកួតនៅចុងបញ្ចប់រដូវកាលវិញ ដើម្បីធានាថា វាអាចធ្វើទៅបានក្នុងពេលវិធានការរឹតត្បិត COVID-19 មានកម្រិតស្រាល។ ប៉ុន្តែទោះយ៉ាងណាក្តី ព្រឹត្តិការណ៍នេះត្រូវបានលុបចោល ជាឆ្នាំទី២ ជាប់គ្នា។

    «យើងពិតជារីករាយក្នុងការស្វាគមន៍កាតា មកកាន់ប្រតិទិនប្រកួត Formula 1 ក្នុងរដូវកាលនេះ ហើយសម្រាប់រយៈពេលយូរគិតចាប់ពីឆ្នាំ២០២៣» នេះបើតាមសម្តីប្រធាន និងជានាយកប្រតិបត្តិ F1 លោក Stefano Domenicali។

    វានឹងក្លាយជាព្រឹត្តិការណ៍កីឡាថ្មីចុងក្រោយសម្រាប់ប្រទេសកាតា ដែលមានដោយសាររ៉ែឧស្ម័ន ខណៈប្រទេសមួយនេះនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ២០២២ ដែរនោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ