• ក្រសួងឧស្សាហកម្ម ប្រកាសប្រឡងជ្រើសរើសសិស្ស, និសិ្សត និងបញ្ញវន្ត ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសម្រាប់ឆ្នាំ២០២១

    (ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសេចក្ដីរីករាយសូមជូនជាដំណឹងដល់សិស្ស និសិ្សត បញ្ញវន្ត និងសាធារណជន ឱ្យបានជ្រាបថា ក្រសួងនឹងធ្វើការប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ឆ្នាំ២០២១នេះ ចំនួន ៨០កន្លែង សម្រាប់ក្របខណ្ឌប្រភេទ ក ដើម្បីបំពេញការងារនៅទីស្តីការក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានី ខេត្ត។ ការប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារនេះ នឹងត្រូវចែកចេញជាពីរផ្នែក ដូចខាងក្រោម៖

    *ទី១. ការប្រឡងជ្រើសរើសសម្រាប់ក្របខណ្ឌទូទៅ៖
    – ការប្រឡងជ្រើសរើសជាក្របខណ្ឌទូទៅនៅផ្នែកនេះមានចំនួន ៣០កន្លែង ដែលក្នុងនោះគោលដៅសម្រាប់បម្រើការងារនៅទីស្ដីការក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានី ខេត្ត ហើយការប្រឡងជ្រើសរើសនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

    – ចំពោះបេក្ខជនដែលបានដាក់ពាក្យនាពេលកន្លងមក ត្រូវបានចាត់ទុកថាបានបំពេញបែបបទរួចរាល់ជាផ្លូវការ ដោយមិនចាំបាច់ដាក់ពាក្យឡើងវិញនោះឡើយ ហើយគ្រាន់តែចាំទទួលនូវព័ត៌មានបំពេញបន្ថែមស្តីពីការប្រឡងប៉ុណ្ណោះ។

    – ចំពោះសិស្ស និស្សិត និងសាធារណជន ដែលពុំទាន់បានដាក់ពាក្យសម្រាប់ចូលរួមការប្រឡងជ្រើសរើសក្នុងផ្នែកនេះ អាចធ្វើការដាក់ពាក្យនៅទីស្ដីការក្រសួង ជារៀងរាល់ថ្ងៃធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយការបិទការទទួលពាក្យចុងក្រោយ នៅថ្ងៃទី២០ ខែតុលា ២០២១។ សូមមេត្តាពិនិត្យ និងស្វែងយល់នូវលក្ខខណ្ឌ និងព័ត៌មានស្ដីពីការប្រឡងជ្រើសរើសជាក្របខណ្ឌទូទៅមាននៅក្នុងគេហទំព័ររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ www.misti.gov.kh។

    *ទី២. ការប្រឡងជ្រើសរើសសម្រាប់ក្របខណ្ឌពិសេស៖
    – ការប្រឡងជ្រើសរើសក្របខណ្ឌពិសេសនៅផ្នែកនេះ មានចំនួន ៥០កន្លែង ក្នុងគោលដៅសម្រាប់បម្រើការងារ
    នៅអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃទីស្ដីការក្រសួង ហើយការប្រឡងជ្រើសរើសនូវផ្នែកនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។

    – សម្រាប់និស្សិត បញ្ញវន្ត ឥស្សរជន និងសាធារណៈជនទូទៅ ដែលមានសញ្ញាបត្រជំនាញផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា ជាពិសេសមានភាពជានវានុវត្តន៍ អាចបំពេញបែបបទ និងដាក់ពាក្យចូលប្រឡងជ្រើសរើសក្នុងក្របខណ្ឌពិសេសនេះ នៅទីស្ដីការក្រសួងជារៀងរាល់ថ្ងៃធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយការបិទការទទួលពាក្យចុងក្រោយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

    ការប្រឡងជ្រើសរើសនៅក្នុងផ្នែកក្របខណ្ឌពិសេសនេះ នឹងត្រូវផ្តល់អាទិភាពដល់និស្សិត បញ្ញវ័ន្ត ឥស្សរជន និងសាធារណៈជន ទូទៅ ដែលមានសញ្ញាបត្រចាប់ពីកម្រិតអនុបណ្ឌិត ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រកម្រិតសមមូលឡើងទៅ។ សូមមេត្តាពិនិត្យនិងស្វែងយល់នូវលក្ខខណ្ឌ និងព័ត៌មានស្ដីពីការប្រឡងជ្រើសរើសជាក្របខណ្ឌពិសេសមាននៅក្នុងគេហទំព័ររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ www.misti.gov.kh។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សិស្ស និស្សិត បញ្ញវន្ត ឥស្សរជន និងសាធារណជន ទូទៅទាំងអស់មេត្តាទទួលជ្រាបជាព័ត៌មាន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ