• KOICA, RUPP និង NICC រៀបចំសិក្ខាសាលាតាមអនឡាញ ស្តីពី «សន្និសីទចែករំលែកបច្ចេកវិទ្យាចាប់ផ្តើមអាជីវកម្មកម្ពុជា៖ ជីវិតចាប់ផ្តើមទាំងវ័យក្មេង»

    (ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និង មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) បានរៀបចំសិក្ខាសាលាតាមអនឡាញ ស្តីពី «សន្និសីទចែករំលែកបច្ចេកវិទ្យាចាប់ផ្តើមអាជីវកម្មកម្ពុជា៖ ជីវិតចាប់ផ្តើមទាំងវ័យក្មេង» ដែលជាសកម្មភាពមួយនៅក្នុងគម្រោង «ការបង្កើតប្រព័ន្ធបង្កើតអាជីវកម្មរវាងសាកលវិទ្យាល័យ និងឧស្សាហកម្ម» ជំនួយរបស់រដ្ឋាភិបាលកូរ៉េ។ សិក្ខាសាលាបានរៀបចំឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ តាមប្រព័ន្ធ Zoom ។

    សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ជេត ជាលី បានថ្លែងថា នៅក្នុងខែកញ្ញា ថ្មីៗនេះ KOICA, RUPP និង NICC បានរៀបចំសិក្ខាសាលាតាមអនឡាញ «Networking Day» បានដោយជោគជ័យ ដោយមានការចូលរួមពីសំណាក់តំណាងក្រសួងពាក់ព័ន្ធ នាយកស្ថាប័នរដ្ឋ និងឯកជន នាយកប្រតិបត្តិ និងស្ថាបនិក នៃធុរកិច្ចថ្មីផងដែរ។

    សម្រាប់កម្មវិធីសិក្ខាសាលានៅថ្ងៃនេះ ស្តីពី «សន្និសីទចែករំលែកបច្ចេកវិទ្យាចាប់ផ្តើមអាជីវកម្មកម្ពុជា៖ ជីវិតចាប់ផ្តើមទាំងវ័យក្មេង (Cambodian Startup Technology Sharing Conference: Young Startup Life)» ត្រូវបានរៀបចំឡើងនៅក្នុងគោលបំណងដើម្បី បង្ហាញពីសកម្មភាពប្រចាំថ្ងៃរបស់វាគ្មិនកិត្តិយស គឺកញ្ញា ម៉េង ស្រីលីន និង កញ្ញា វ៉េង លីហួយ ដែលជាស្ថាបនិក នៃធុរកិច្ចថ្មី និងដើម្បីបំផុសគំនិត និងជំរុញអោយសិស្ស និស្សិត ឲ្យមានការចូលរួម រៀនសូត្រ និងបង្កើតធុរកិច្ចថ្មីផងដែរ។

    លោក រ៉ូ ហ្យុនជន (Rho Hyunjun) នាយក KOICA ប្រចាំប្រទេសកម្ពុជា នៅក្នុងសិក្ខាសាលា បានលើកឡើងថា KOICA នឹងនៅតែបន្ត គាំទ្រដល់រដ្ឋាភិបាលកម្ពុជាទៅលើវិស័យអាទិភាពចំនួនបួនគឺ៖ វិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ និងដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ