• CEO ក្រុមហ៊ុន Microsoft និយាយថា «វាជារឿងចម្លែកបំផុត» ដែល Microsoft បរាជ័យក្នុងការទិញកម្មវិធី TikTok

    (អាមេរិក)៖ លោក Satya Nadella នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Microsoft បានបង្ហាញអារម្មណ៍ពិតទៅលើសំណើសុំទិញ កម្មវិធី TikTok ដោយ ក្នុងនោះលោកបានលើកឡើងថា វាគឺជារឿង «ចម្លែកបំផុត» នៅពេលដែល TikTok មិនជ្រើសរើសយក Microsoft។ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

    កាលពីខែសីហា ឆ្នាំ២០២០ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមកំហែង ដល់កម្មវិធី TikTok ដែលមានក្រុមហ៊ុនចិន ByteDance ជាមេធំ ថាអាចបង្កជាហានិភ័យដល់សន្តិសុខជាតិ និងបានជំរុញឱ្យ TikTok លក់អាជីវកម្មរបស់ខ្លួននៅសហរដ្ឋអាមេរិកឱ្យទៅក្រុមហ៊ុន អាមេរិក បើមិនដូច្នេះទេ លោកនឹងហាមឃាត់ការប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិក។

    ក្រុមហ៊ុនអាមេរិកធំៗចំនួន៣បានចាប់អារម្មណ៍ទិញអាជីវកម្ម TikTok នៅសហរដ្ឋអាមេរិក ដោយក្នុងនោះមាន Microsoft, Oracle និង Walmart ប៉ុន្តែអ្វីដែលចម្លែកនោះគឺថា TikTok បានជ្រើសរើសយក Oracle និង Walmart ធ្វើជាដៃគូ ប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀង អ្វី នោះទេ។

    លោក Satya Nadella បាននិយាយថា TikTok គឺជាផលិតផលមួយ «ដ៏គួរឱ្យចាប់អារម្មណ៍» និងសាកសមបំផុតសម្រាប់ ក្រុមហ៊ុន Microsoft ព្រោះថាវាគឺជាបណ្ដាញសង្គម ហើយប្រើប្រាស់បច្ចេកវិទ្យា Cloud សម្រាប់រក្សាទុកទិន្នន័យ និងប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ ប្រតិបត្តិការ ផ្សេងៗ។

    នាយកប្រតិបត្តិរូបនេះបានបន្ថែមទៀតថា វាគឺជារឿងចម្លែកបំផុតនៅពេលដែល TikTok មិនជ្រើសរើសយក Microsoft តែបែរជាជ្រើសរើស Oracle និង Walmart ទៅវិញ។

    គួរបញ្ជាក់ផងដែរថា លោកត្រាំ បានទុកពេលឱ្យ TikTok លក់អាជីវកម្មនៅអាមេរិកឱ្យទៅក្រុមហ៊ុនអាមេរិកឱ្យបានមុនថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បើមិនដូច្នេះទេ លោកនឹងបញ្ជាឱ្យបិទកម្មវិធី TikTok តែម្ដង ប៉ុន្តែក្រោយមក លោក Joe Biden បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី និងបានលុបចោលបទបញ្ជារបស់លោកត្រាំ ប៉ុន្តែក្រសួងពាណិជ្ជកម្មអាមេរិកនៅតែបន្តតាមដានសកម្មភាពរបស់ TikTok ដដែល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ