• Alibaba ចាប់ផ្ដើមប្រើ WeChat Pay ជាមុខងារទូទាត់ប្រាក់ បន្ទាប់ពីមានការអំពាវនាវពីសំណាក់រដ្ឋាភិបាលចិន

    (ចិន)៖ កាលពីពាក់កណ្ដាលខែកញ្ញានេះ រដ្ឋាភិបាលក្រុងប៉េកាំងបានអំពាវដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Alibaba និង Tencent ឱ្យសហការគ្នារកស៊ី និងកុំព្យាយាមប្លក់គ្នា ឬរកស៊ីកាច់កុងគ្នា ដោយឡែកនៅថ្ងៃនេះ Alibaba បានបង្ហើបឱ្យដឹងថា នៅពេលនេះខ្លួនបាន អនុញ្ញាតឱ្យមានការទូទាត់ប្រាក់តាមរយៈ WeChat Pay របស់ Tencent។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលនេះ Alibaba បានបន្ថែមនូវមុខងារទូទាត់ប្រាក់តាមរយៈ WeChat Pay ខណ:ដែលកន្លងមកគឺមានតែ Alipay របស់ក្រុមហ៊ុន Ant Group ដែលជាបុត្រសម្ព័ន្ធរបស់ Alibaba តែមួយប៉ុណ្ណោះ។

    ក្រៅពី Alibaba គេឃើញមានកម្មវិធីដឹកជញ្ជូនម្ហូបអាហារ Ele.me និងកម្មវិធីផ្ដល់សេវាកម្ម វីដេអូដ៏ធំរបស់ចិន Youku ក៏បានបញ្ជូលមុខងារ WeChat Pay សម្រាប់ការទូទាត់ប្រាក់ផងដែរ។

    ក្រុមហ៊ុន Alibaba បានបញ្ជាក់ផងដែរថា នៅពេលនេះខ្លួនកំពុងរង់ចាំការអនុញ្ញាតពីក្រុមហ៊ុន Tencent ទៅលើការប្រើប្រាស់ WeChat Pay ទៅលើកម្មវិធីទិញទំនិញអនឡាញដូចជា Idle Fish, Hema និង Taobao Deals ។ ប៉ុន្តែក្រុមហ៊ុន Alibaba មិនបានបញ្ជាក់ថា នឹងបន្ថែមមុខងារ WeChat Pay ចូលទៅក្នុងកម្មវិធីទិញទំនិញ Taobao និង Tmall ឡើយនោះទេ។

    អ្នកនាំពាក្យរបស់ក្រុមហ៊ុន Alibaba បានថ្លែងឱ្យដឹងថា នៅពេលនេះយើងកំពុងតែបន្តស្វែងរកចំណុចរួមដើម្បីបង្កើតជាសម្ព័ន្ធមិត្តនៅក្នុងន័យសេដ្ឋកិច្ច និងដើម្បីបម្រើឱ្យអតិថិជនចិនកាន់តែមានភាពល្អប្រសើរឡើង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ