• Facebook ប្រកាសផ្អាកគម្រោងបង្កើត Instagram សម្រាប់ក្មេង ក្រោយផ្ទុះការរិះគន់ខ្លាំង

    (អាមេរិក)៖ ក្រុមហ៊ុន Facebook ដែលជាបណ្ដាញសង្គមយក្ស និងជាមេធំរបស់ Instagram បានប្រកាសឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញនេះថា ខ្លួន បានសម្រេចចិត្តផ្អាកការអភិវឌ្ឍន៍ទៅលើគម្រោងបង្កើត Instagram សម្រាប់ក្មេង (Instagram Kids)។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNBC នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

    ក្រុមហ៊ុន Facebook បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកច្បាប់ និងអ្នកប្រើប្រាស់ ជាពិសេសគឺអាណាព្យាបាលរបស់ក្មេង ទៅលើ គម្រោងបង្កើតកម្មវិធី Instagram សម្រាប់ក្មេងនេះ ហើយថ្មីៗនេះផងដែរ កាសែត WSJ បានចេញផ្សាយថា កម្មវិធី Instagram បាននិងកំពុងតែ «បំពុល» យុវវ័យ ជាពិសេសគឺក្មេងជំទង់។

    យោងតាមសេចក្ដីប្រកាសរបស់ Facebook បានឱ្យដឹងថា មូលហេតុដែលផ្អាកគម្រោងបង្កើត Instagram សម្រាប់ក្មេងនេះគឺដោយសារតែ Facebook ចង់យកចិត្តទុកដាក់ទៅលើការពង្រីកសមត្ថភាពសុវត្ថិរបស់ក្មេងជំទង់ និងពង្រីកការតាមដានរបស់ឪពុកម្ដាយ ឬអាណាព្យាបាល។

    «យើងជឿជាក់ថាការបង្កើត Instagram Kids គឺជារឿងត្រឹមត្រូវ និងជារឿងដែលត្រូវធ្វើ ប៉ុន្តែយើងនឹងលើកយកគម្រោងមួយនេះមកធ្វើការវាយតម្លៃនៅពេលក្រោយឡើងវិញម្ដង។ នៅខណៈនេះ យើងផ្អាកគម្រោងបង្កើត Instagram Kids ជាបណ្ដោះអាសន្នសិន និងងាកទៅផ្ដោតលើសុវត្ថិភាពរបស់ក្មេងជំទង់ និងពង្រីកមុខងារត្រួតពិនិត្យ តាមដានសកម្មភាពរបស់ក្មេងជំទង់ទាំង នោះសម្រាប់មាតាបិតា»។ នេះជាខ្លឹមសារដែលមាននៅក្នុងសេចក្ដីប្រកាស។

    គួរបញ្ជាក់ផងដែរថា ក្រោយពី Facebook ប្រកាសបង្ហាញគម្រោង Instagram Kids ក៏មានអ្នកច្បាប់ អង្គការ និង អាណាព្យាបាលមួយចំនួន ស្នើឱ្យ Facebook លុបចោលគម្រោងមួយនេះ ដោយពួកគេលើកហេតុផលស្រដៀងគ្នាថា វាអាចបង្កើតជាហានិភ័យ និងផលប៉ះពាល់ដល់ក្មេងៗ ប៉ុន្តែ Facebook បានអះអាងថា វានឹងជួយជំរុញ និងបង្កើនចំណេះដឹងសម្រាប់ក្មេងៗទៅវិញទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ