• តាលីបង់ នឹងអនុញ្ញាតឱ្យស្ត្រីបន្តសិក្សា នៅសាកលវិទ្យាល័យ, ប៉ុន្តែត្រូវរៀនដាច់ដោយឡែកពីបុរស

    (កាប៊ុល)៖ រដ្ឋមន្ត្រីក្រសួងអប់រំថ្មីនៃរដ្ឋាភិបាលតាលីបង់ បាននិយាយថាស្ត្រីអាហ្វហ្កានីស្ថានគ្រប់រូបនឹងត្រូវបានអនុញ្ញាតឱ្យបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យ ប៉ុន្តែថ្នាក់សិក្សារបស់ពួកគេមិនអាចឡូកឡំគ្នាបានទេ ពោលគឺត្រូវខណ្ឌចែកដាច់គ្នាពីបុរស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។

    ថ្លែងប្រាប់អ្នកសារព័ត៌មានពីផែនការអប់រំថ្មីរបស់រដ្ឋាភិបាលតាលីបង់ រដ្ឋមន្ត្រីក្រសួងអប់រំ លោក អាប់ឌុល បាគី ហាក់កានី (Abdul Baqi Haqqani) បានសង្កត់ធ្ងន់ថា ការខណ្ឌចែកបន្ទប់ ឬថ្នាក់សិក្សារវាងស្រ្តី និងបុរសមិនមែនជាបញ្ហាចោទអ្វីនោះទេ។ លោក Haqqani បានបញ្ជាក់ដូច្នេះថា «យើងមិនមានបញ្ហាអ្វីនោះទេ ចំពោះ ការបញ្ចប់ប្រព័ន្ធសិក្សាដែលអនុញ្ញាតឱ្យស្ត្រី និងបុរសសិក្សាឡូកឡំគ្នា…ពួកគេគឺជាអ្នកកាន់សាសនាអ៉ីស្លាម ដូច្នេះពួកគេនឹងទទួលយកការសម្រេចនេះ»។

    គួរបញ្ជាក់ថា កាលពីដើមខែសីហាកន្លងទៅនេះ រដ្ឋាភិបាលតាលីបង់ក៏បានប្រកាសហើយដែរថាស្ត្រីនឹងនៅតែត្រូវបានអនុញ្ញាតឱ្យបន្តការសិក្សារហូតដល់ថ្នាក់សាកលវិទ្យាល័យ ប្រសិនបើពួកគេស្លៀកសម្លៀកបំពាក់បិទបាំងរាងកាយបានត្រឹមត្រូវ ដូចជាការស្លៀក នីកប (niqab) ដែលជាប្រភេទសម្លៀកបំពាក់បិទបាំងរាង កាយស្ត្រីស្ទើរតែទាំងអស់ ដោយទុកចន្លោះភ្នែកប៉ុណ្ណោះ ព្រមទាំងត្រូវខណ្ឌចែកបន្ទប់រៀនរវាងប្រុស និងស្រី ឬក៏ត្រូវខណ្ឌចែកគ្នាដោយវាំងននក្នុងបន្ទប់រៀនតែមួយ។

    បន្ថែមពីលើនេះ តាលីបង់ក៏បានសន្យាអនុញ្ញាតឱ្យស្ត្រីអាហ្វហ្កានីស្ថានអាចធ្វើការបានផងដែរ នៅក្រោមក្របខណ្ឌច្បាប់អ៉ីស្លាម ប៉ុន្តែពួកគេមិនទាន់បានបញ្ជាក់លម្អិត ឱ្យបានច្បាស់នៅឡើយទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ