(ចិន)៖ រដ្ឋាភិបាលក្រុងប៉េកាំងបានជំរុញឱ្យក្រុមហ៊ុន Ant Group ដែលមានលោក Jack Ma ជាមេធំ ធ្វើការបំបែកកម្មវិធីទូទាត់ប្រាក់ Alipay ឱ្យដាក់ដោយឡែកពី ក្រុមហ៊ុន Ant Group និងជំរុញឱ្យបង្កើតកម្មវិធីថ្មីមួយទៀតសម្រាប់ផ្ដល់សេវាកម្ម ប្រាក់កម្ចីតាមអនឡាញ ដោយដាច់ដោយឡែកថ្មីផងដែរ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ផែនការនេះត្រូវបានរដ្ឋាភិបាលក្រុង ប៉េកាំងជំរុញឡើងក្នុងគោលបំណងចង់គ្រប់គ្រងទៅលើចរន្តសាច់ប្រាក់ និងការទូទាត់ប្រាក់របស់ ក្រុមហ៊ុន Ant Group ជាពិសេសគឺ កម្មវិធី Alipay។
ចំណែកការជំរុញឱ្យបង្កើតកម្មវិធីផ្ដល់ប្រាក់កម្ចីថ្មីនោះ ត្រូវបានប្រភពជិតស្និទ្ធបង្ហើបឱ្យដឹងថា នឹងមានការចូលរួមពីសំណាក់រដ្ឋាភិបាលចិន មានន័យកម្មវិធីនោះមិនមែនស្ថិតក្រោមការគ្រប់គ្រង និងមើលថែតែម្នាក់ពីសំណាក់ក្រុមហ៊ុន Ant Group ឡើយ។ មួយវិញទៀតគឺរដ្ឋាភិបាល ចិនគ្រប់គ្រងទៅលើការផ្ដល់ប្រាក់កម្ចីតាមអនឡាញ ព្រោះកន្លងមកសកម្មភាពមួយនេះមិនស្ថិតក្រោមការតាមដានរបស់និយ័តករចិនឡើយ។
ក្រុមអ្នកឃ្លាំមើលបានយល់ឃើញថា សកម្មភាពរបស់រដ្ឋាភិបាលក្រុងប៉េកាំងគឺមានបំណងធំចង់ត្រួតពិនិត្យ និងតាមដានរាល់សកម្មភាព របស់ ក្រុមហ៊ុន Ant Group ពាក់ព័ន្ធនឹងករណីគេចវេសការបង់ពន្ធ និងការកេញប្រវ័ញ្ចនានាៗ។
គួរបញ្ជាក់ផងដែរថា Ant Group មានបំណង់ចង់ឈានជើងចូលទីផ្សារហ៊ុន ប៉ុន្តែត្រូវបានរដ្ឋាភិបាលចិនបង្អាក់ និងបានធ្វើការស៊ើបអង្កេត លើ ក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនមេ ព្រមតាំងធ្វើការផាកពិន័យជាប្រាក់ ២.៧ពាន់លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងបទល្មើស ប្រកួតប្រជែងដោយភាពមិនស្មោះត្រង់៕