• មន្ត្រីជាន់ខ្ពស់ UN ជំរុញឲ្យអាជ្ញាធរតាលីបង់ «គោរព និងការពារសិទ្ធិស្ត្រី» នៅអាហ្វហ្កានីស្ថានឲ្យបានពេញលេញ

    (យូអិន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃអង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវដល់អាជ្ញាធរតាលីបង់ នៅប្រទេសអាហ្វហ្គានីស្ថានឱ្យគោរព និងការពារសិទ្ធិស្ត្រី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។

    លោកស្រី ប្រាមីឡា ផាត់ធិន (Pramila Patten) មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការស្ត្រី នៃអង្គការសហប្រជាជាតិ បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ស្ត្រីមានសិទ្ធិក្នុងការតវ៉ាដោយសន្តិវិធី និងរស់នៅដោយគ្មានអំពើហិង្សា។ ក្នុងការកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន អាជ្ញាធរតាលីបង់មានកាតព្វកិច្ចគោរព និងការពារសិទ្ធិទាំងនេះ»។

    លោកស្រី Pramila Patten បានថ្លែងថា «ខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំង ចំពោះរូបភាពដែលបង្ហាញពីស្ត្រីនៅអាហ្វហ្គានីស្ថាន ត្រូវបានគេវាយដំដោយរំពាត់ខ្សែតី ឬដោយដំបងឆក់ នៅពេលពួកគេប្រើសិទ្ធិក្នុងការតវ៉ាដោយសន្តិវិធី។ ខ្ញុំឈរដោយសាមគ្គីភាព ជាមួយស្ត្រីអាហ្វហ្គានីស្ថានទាំងអស់ ដែលកំពុងតស៊ូដើម្បីទាមទារការគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ពួកគេ»។

    លោកស្រី Pramila Patten បានគូសបញ្ជាក់បន្ថែមទៀតថា «ខ្ញុំសូមអំពាវនាវជាថ្មីម្តងទៀតដល់អាជ្ញាធរតាលីបង់ ឱ្យប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ពួកគេ ដើម្បីធានាបាននូវសិទ្ធិពេញលេញរបស់ស្ត្រី និងក្មេងស្រីនៅប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជាដើម្បីធានាបាននូវការបញ្ឈប់ជាបន្ទាន់ នៃការប្រើអំពើហិង្សា ដែលមិនអាចទទួលយកបានលើពួកគេ និងស៊ើបអង្កេតលើការរំលោភបំពានទាំងនេះ ដើម្បីចាប់ជនល្មើសឲ្យមកទទួលខុសត្រូវ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងណា ដែលមានអំពើហិង្សាបែបនេះកើតឡើង»។

    បើតាមលោកស្រី Pramila Patten វាអាចមានភាពជឿជាក់តិចតួចបំផុត ចំពោះការសន្យារបស់អាជ្ញាធរតាលីបង់ក្នុងការ គោរព និងការពារសិទ្ធិស្ត្រី ព្រមទាំងក្មេងស្រី ខណៈពេលដែលការរំលោភបំពានជាក់ស្តែង បានកើតឡើងដោយគ្មានការដាក់ទោស។ លោកស្រីបានសង្កត់ធ្ងន់ថា ទាំងនេះត្រូវតែមានវិធានការជាបន្ទាន់ ដើម្បីធានាបានថា ស្ត្រីអាចប្រើប្រាស់សិទ្ធិរបស់ពួកគេ ក្នុងការចូលរួមក្នុងជីវិតសាធារណៈ និងនយោបាយរបស់ប្រទេសអាហ្វហ្កានីស្ថានបានយ៉ាងពេញលេញ ស្មើភាព និងសុវត្ថិភាព៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ