• ទិនហ្វី ស្នើដល់បវរកញ្ញាវ័យ១៧ឆ្នាំម្នាក់ ឲ្យលុបរូបមួយចំនួនចេញពីបណ្តាញសង្គម បញ្ឈប់ការយល់ច្រឡំថា «គោចាស់ប្រទះស្មៅខ្ចី»

    (ចិន)៖ ជាការកត់សម្គាល់ កាលពីខែសីហា កន្លងទៅ មានដំណឹងថាកំពូលតារាសម្តែងហុងកុងវ័យ៥៩ឆ្នាំ Stephen Chow (ទិនហ្វី) កំពុងតែបង្កាត់ភ្លើងស្នេហ៍ស្ងាត់ៗ ជាមួយបេក្ខនារីប្រឡងបវរកញ្ញាម្នាក់មានវ័យ១៧ឆ្នាំ ឈ្មោះថា Ukei Cheung ក្រោយរូបភាពអ្នកទាំងពីរ ទៅជិះទូកកម្សាន្តជាមួយគ្នានៅពិធីជប់លៀងនិងលេងកីឡាទឹក ត្រូវបានបង្ហោះលើបណ្តាញសង្គម។ តែយ៉ាងណា នៅពេលនេះ ទិនហ្វី បានចេញមុខមកបដិសេធ និងស្នើសុំឲ្យលុបរូបភាពទាំងនោះចោល ដើម្បីបញ្ឈប់ការយល់ច្រឡំរឿង «គោចាស់ប្រទះស្មៅខ្ចី»។

    បើតាមការចេញផ្សាយរបស់កាសែត The Independent នាពេលថ្មីៗនេះ បានឲ្យដឹងថា Stephen Chow ដែលទស្សនិកជនខ្មែរស្គាល់ថា ទិនហ្វី ទើបតែបានផ្ញើលិខិតផ្លូវច្បាប់មួយចេញដោយមេធាវីរបស់លោកផ្ទាល់ ទៅកាន់បវរកញ្ញាហុងកុងវ័យក្មេង Chueng ក្នុងន័យស្នើឲ្យនាង លុបរូបភាពទាំងអស់ ដែលបានថតនៅលើទូកកំសាន្តនោះចោល ពីបណ្តាញសង្គម ដើម្បីកុំឲ្យមានពាក្យចចាមអារ៉ាម ថាលោកនិងនាងមានទំនាក់ទំនងស្នេហានឹងគ្នាតទៅទៀត។

    នៅក្នុងលិខិតនោះ ក៏បានសង្កត់ធ្ងន់ថា ទិនហ្វី នឹងដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ប្រឆាំងនឹងបវរកញ្ញា Ukei Cheung ប្រសិនបើនាងមិនព្រមលុបរូបភាពទាំងនោះចោល ព្រោះថាការថតរូបនៅលើទូកកំសាន្តនោះ គឺវាបានបំពានច្បាប់បាត់ទៅហើយ។ បើនិយាយទៅ គឺទិនហ្វីបានជូនដំណឹងដល់ Cheung និងអ្នកផ្សេងទៀត ដែលបានទៅដើរជាមួយពួកគេនៅថ្ងៃនោះ ថាពួកគេត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង មិនឲ្យថតរូបនៅខាងក្នុងទូក ឬសូម្បីតែថតរូបពីក្រោយបរិវេននៃពិធីជប់លៀងនោះទេ។ មនុស្សគ្រប់គ្នាយល់ស្របនឹងលក្ខខណ្ឌរបស់ទិនហ្វី ប៉ុន្តែក្រោយពេលបញ្ជប់កម្មវិធីនោះ ក៏ស្រាប់តែមានរូបភាពបានបែកធ្លាយ រហូតធ្វើឲ្យមានពាក្យចចាមអារ៉ាមស្នេហារវាង ទិនហ្វី និងបវរកញ្ញាហុងកុងវ័យក្មេង Chueng ទៅវិញ។

    យ៉ាងណាមិញ ជុំវិញបញ្ហានេះ ភ្លាមៗគេមិនទាន់ឃើញការឆ្លើយតបណាមួយ ពីបវរកញ្ញា Ukei Cheung គ្រាន់តែដឹងថា បើនាងត្រូវបានរកឃើញថាមានកំហុស ទិនហ្វី នឹងប្តឹងបវរកញ្ញា Cheung ហើយទាមទារថ្លៃសំណងនិងការចំណាយផ្លូវច្បាប់ទាំងអស់ពីនាង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ