• ទ្វីបអាហ្វ្រិកទាំងមូលមានអ្នកស្លាប់ដោយសារកូវីដ-១៩ សរុបកើនដល់ ២០០,០០០នាក់ហើយ

    (អាហ្វ្រិក)៖ មនុស្សសរុបជាង ២០០,០០០នាក់បានស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងទ្វីបអាហ្វ្រិកដែលមានប្រទេសសរុបចំនួន ៥៤ គិតចាប់តាំងពីការផ្ទុះឡើង នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១។

    ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 សរុប ២០០,២៥៤នាក់ ត្រូវបានកត់ត្រានៅទ្វីបអាហ្វ្រិកដែលមានប្រជាជនសរុបជាង ១.៣ពាន់លាននាក់ គិតចាប់តាំងពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ បានផ្ទុះឡើងនៅក្នុងប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ។ តួលេខនេះត្រូវបូកសរុប ដោយផ្អែកលើចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ដែលចេញផ្សាយដោយអាជ្ញាធរសុខាភិបាល នៅក្នុងប្រទេសនីមួយៗ ឬដោយអង្គការសុខភាពពិភពលោក (WHO) របស់អង្គការសហប្រជាជាតិ (UN) និងបណ្តាប្រទេសនៅទ្វីបអាហ្វ្រិកខាងជើងផងដែរ។

    អង្គការសុខភាពពិភពលោកបានប្រកាសថា ប្រសិនបើការស្លាប់ដោយផ្ទាល់ ឬដោយប្រយោលទាក់ទងនឹងជំងឺ COVID-19 ត្រូវបានគេគិតគូរចូលទៅក្នុងតួលេខនោះ ចំនួនពិតប្រាកដអាចកើនឡើងទ្វេដង ឬបីដងឯណោះ។ រីឯចំនួនអ្នកឆ្លងសរុប ក៏ទំនងជាស្ថិតក្រោមការប៉ាន់ស្មានផងដែរ ដោយសារតែសមត្ថភាពធ្វើតេស្តនៅទ្វីបអាហ្វ្រិក មានមិនគ្រប់គ្រាន់ទេ។

    អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យបច្ចេកវិទ្យា ខេប ភែនីនស៊ូឡា (Cape Peninsula) នៃតំបន់អាហ្វ្រិកខាងត្បូង លោកស្រី គ្លែនដា ដេវីដសុន (Glenda Davidson) បាននិយាយថា «តួលេខ (អ្នកឆ្លង COVID-19) ប្រហែលជាអាចខ្ពស់ជាងនេះទៅទៀត ដោយសារតែធនធានធ្វើតេស្ត មានកម្រិតទាបបំផុតនៅទ្វីបនេះ»។

    បើតាមសារព័ត៌មាន AFP ទ្វីបអាហ្វ្រិកបាននិងកំពុងមើលឃើញ អត្រាអ្នកបានទទួលការចាក់វ៉ាក់សាំង ក្នុងកម្រិតទាបបំផុត ព្រោះរហូតមកទល់នឹងបច្ចុប្បន្ន បើគិតជាអត្រា វ៉ាក់សាំងតែចំនួន «៨ដូស» ប៉ុណ្ណោះត្រូវបានផ្ដល់ការចាក់ជូន ក្នុងចំណោមប្រជាជន «១០០នាក់» បើប្រៀបធៀបទៅនឹង «១០២ដូស» នៅទ្វីបអឺរ៉ុប និង «១១៦ដូស» នៅសហរដ្ឋអាមេរិក និងកាណាដា ក្នុងចំណោម ១០០នាក់ដូចគ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ