ក្រុមតាលីបង់ ដែលជាក្បាលម៉ាសុីនដឹកនាំថ្មី របស់ប្រទេសអាហ្វហ្គានីស្ថាន បានសម្រេចឱ្យស្រ្តីអាចចូលរៀននៅសកលវិទ្យាល័យបានជាធម្មតា។ ប៉ុន្តែ ក្រុមតាលីបង់ បានកំណត់ថា ស្រ្តីដែលអាចចូលរៀននៅសកលវិទ្យាល័យបាន ដាច់ខាតត្រូវតែពាក់សម្លៀកបំពាក់ដែលរុំជិតខ្លួន ពោលគឺទុកតែចន្លោះប្រឡង់ភ្នែកដើម្បីមើលប៉ុណ្ណោះ។
ចំណែកសិស្សស្រី ត្រូវរៀនជាមួយគ្រូស្រីដូចគ្នា គឺមិនអនុញ្ញាតឱ្យរៀនជាមួយគ្រូប្រុសនោះទេ។ ក្រុមតាលីបង់ បានប្រាប់ឱ្យគណៈគ្រប់គ្រងសាលានិងសកលវិទ្យាល័យត្រូវជ្រើសរើសគ្រូបង្រៀនស្រីបន្ថែមទៀត។ ហើយក្នុងករណីប្រសិនបើមិនអាចរកគ្រូស្រីមក បង្រៀនបានទេ ត្រូវរកគ្រូប្រុសណា ដែលមានវ័យចំណាស់ ហើយមានអត្តចរិតល្អ។
នៅមុនពេលដែលក្រុមតាលីបង់ ចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានជាថ្មីម្តងទៀត សិស្សស្រី និងសិស្សប្រុស គឺរៀននៅក្នុងថ្នាក់ជាមួយគ្នា។ យ៉ាងណាមិញ គណៈគ្រប់គ្រងសាលាមួយចំនួន បានសម្តែងការពេញចិត្ត ដោយក្រុមតាលីបង់ បានសម្រេចអនុញ្ញាតឱ្យស្រ្តីអាចចូលរៀននៅសាលាវិញបាន ទោះបីស្ថិតនៅក្រោមច្បាប់មួយចំនួនក៏ដោយ៕